ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយ ក្រុមជម្រើសជាតិឥណ្ឌា នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នេះ ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round)។
មុនការប្រកួតមកដល់ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួមក្នុងសន្និសិទសារព័ត៌មាន ដើម្បីនិយាយអំពីការប្រកួតខាងមុខជាមួយនឹងក្រុមជម្រើសជាតិឥណ្ឌា។ ដោយលោក Hirose ជឿជាក់ថាកូនក្រុមរបស់លោកបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ទល់នឹងគូប្រកួតដែលមានចំណាត់ថ្នាក់ខ្ពស់ជាង។ លោកក៏សម្ដែងការពេញចិត្តទៅនឹងការហ្វឹកហាត់របស់ក្រុម ក៏ដូចជាការបង្ហាញនៅក្នុងការហ្វឹកហាត់ផងដែរ។
លោក Ryu Hirose បាននិយាយដូច្នេះថា ៖«យើងស្ថិតនៅស្ថានភាពមួយដ៏ល្អ។ យើងគិតថាយើងមានការរៀបចំល្អមុនពេលមកប្រទេសឥណ្ឌា។ សង្ឃឹមថា យើងនឹងទទួលបានលទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃស្អែក»។
ឥណ្ឌា គឺជាប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងកម្ពុជា ក្នុងចំណាត់ថ្នាក់របស់ (FIFA Ranking) ។ ប៉ុន្តែលោក Hirose Ryu ដឹងថាចំណាត់ថ្នាក់មិនមែនជាការកំណត់លទ្ធផលនោះទេ ការបង្ហាញទម្រង់លេងទៅវិញទេដែលជាការបញ្ជាក់លទ្ធផល។ យ៉ាងណាមិញគ្រូបង្វឹកវ័យ ៦៦ឆ្នាំ សង្ឃឹមការបង្ហាញនូវទម្រង់លេងពោរពេញទៅដោយកម្លាំងចិត្តពីក្រុមរបស់លោក។
«កាលពីមុន យើងបានចាញ់ឥណ្ឌាក្នុងការប្រកួតពីរបីលើក ប៉ុន្តែយើងមិនខ្លាចឥណ្ឌា នូវគុណវិបត្តិណាមួយឡើយ។ វាមិនសំខាន់ទេ យើងនឹងត្រូវតែលេងឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលនៅថ្ងៃស្អែក»។ គ្រូបង្វឹកសញ្ជាតិជប៉ុនរូបនេះបានបន្ថែម។
ពេលត្រូវបានសួរនាំអំពីប្រព័ន្ធការពារតែងតែរបូតគ្រាប់បាល់ លោក Ryu បានឆ្លើយតបថា ៖«យើងពិតជាមិនបានរក្សាសំណាញ់ទីមិនឲ្យរបូតច្រើនពេកទេ ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ជាក់ស្តែងក្រុមរបស់យើងកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជាច្រើនចំពោះប្រព័ន្ធលេង។ យើងប្រកួតបានតិច បើធៀបទៅនឹងប្រទេសនៅអាស៊ីផ្សេងទៀត។ នៅពេលអនាគត យើងត្រូវគិតពីរបៀបដែលអាចផ្តល់ឲ្យយើងឆ្ពោះទៅមុខ ១០០ភាគរយ»។
ដោយឡែក គ្រូបង្វឹករបស់ឥណ្ឌា លោក Igor Stimac វិញបាននិយាយថា ៖«យើងកំពុងរំពឹងថាអ្នកគាំទ្រនឹងមកទស្សនាច្រើន ដើម្បីគាំទ្រក្រុមជម្រើសជាតិតាមវិធីល្អបំផុតដែលអាចធ្វើទៅបាន។ គោលបំណងរបស់យើងគឺដាក់សម្ពាធតាំងពីដំបូង លេងដាក់សម្ពាធខ្ពស់ខ្លាំងបំផុត។ យើងត្រូវការគ្រប់គ្រងការប្រកួត ហើយខ្ញុំត្រូវតែនិយាយថា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនោះ។ យើងគ្មានអ្វីត្រូវលាក់បាំងឡើយ»។
«ខ្ញុំគោរពគូប្រកួតទាំងអស់។ គ្មានហេតុផលណាដែលយើងមើលស្រាលកម្ពុជាឡើយ។ ពួកគេមកទីនេះដោយមានឆន្ទះដូចគ្នា។ យើងត្រូវតែស្រេកឃ្លានសម្រាប់ការប្រកួតនេះ។ ប៉ុន្តែបាល់ទាត់នាពេលបច្ចុប្បន្ននេះមិនបាននាំមកនូវការប្រកួតដែលងាយស្រួលនោះទេ»។ គ្រូបង្វឹកសញ្ជាតិក្រូអាតបានបន្ថែម។
គួររំឮកថា កម្ពុជា នឹងត្រូវជួបម្ចាស់ផ្ទះ ឥណ្ឌា ក្នុងជំនួបបើកឆាកពូល D ថ្ងៃទី០៨ ខែមិថុនា នេះ នាវេលាម៉ោង ១០:០០នាទីយប់ ម៉ោងនៅកម្ពុជា៕