ពានរង្វាន់ Finalissima ដែលជាជំនួបជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង រវាងជម្រើសជាតិអាហ្សង់ទីន ជាមួយ អ៊ីតាលី ក្នុងកីឡដ្ឋាន Wembley កាលពីយប់មិញបានរកឃើញជើងឯក ដោយអាហ្សង់ទីន គ្រងជើងឯកជាលើកទី២ បន្ទាប់ពីយកឈ្នះ ៣-០។
ក្នុងការប្រកួតដ៏ស្វិតស្វាញ និងស្ទើរតែមិនគួរឲ្យជឿ ខ្សែប្រយុទ្ធ Martinez ជាអ្នករកគ្រាប់ដំបូងឲ្យអាហ្សង់ទីន នៅនាទី២៨។ បន្ទាប់មក Di Maria បានបន្ថែមគ្រាប់ទី២ នៅចុងវគ្គទីមួយ មុនពេលកីឡាករបម្រុង Paulo Dybala ជាអ្នករកបានគ្រាប់ទី៣ ដែលមានការបញ្ជូនពីមិត្តរួមក្រុម Messi ជាថ្មីនៅនាទី៩០+៤។ លទ្ធផល ៣–០ បានបន្សល់រហូតដល់ចប់ការប្រកួត ជួយអាហ្សង់ទីនឈ្នះពាន Finalissima ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
គួររំលឹកថា អាហ្សង់ទីន ឈ្នះពានរង្វាន់មួយនេះលើកដំបូងកាលពីឆ្នាំ១៩៩៣ ពេលដែលពួកគេយកឈ្នះដាណឺម៉ាក ដោយបាល់ប៉េណាល់ទី៥–៤។ នេះជាលើកទី៣ហើយដែលគេបានរៀបចំការប្រកួតជំនួបរវាងជើងឯកទ្វីបអឺរ៉ុប ប៉ះជើងឯកទ្វីបអាមេរិកខាងត្បូង៕