សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគោលបំណងជំរុញប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលអាស៊ីអាគ្នេយ៍ ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក (FIFA World Cup) នៅឆ្នាំ២០៣៤ ឬឆ្នាំ២០៣៨។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ក្នុងពិធីអញ្ជើញជាអធិបតី ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ឆ្លងកាត់កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«សម្រាប់២០២២នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យ និងផែនការដេញថ្លៃធ្វើម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នៅឆ្នាំ២០៣៤ ឬ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឲ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ ជំរុញគំនិតផ្តួចផ្តើមនេះឲ្យក្លាយជាការពិត»។
«ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃសម្រាប់ឆ្នាំ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ជាមួយភាពសុកដុមរមនារវាងបណ្ដាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពលនេះ»។
គួបញ្ជាក់ថា ការប្រកួតបាល់ទាត់ជើងឯកពិភពលោក (FIFA World Cup) ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង។ ឆ្នាំ២០២២ ដែលធ្វើនៅទីក្រុងដូហា ប្រទេសកាតា នេះគឺជាលើកទី២២ ខណៈលើកទី២៣ ឆ្នាំ២០២៦ គ្រោងនឹងធ្វើនៅប្រទេសកាណាដា, ម៊ិកស៊ិក និងសហរដ្ឋអាម៉េរិក (ម្ចាស់ផ្ទះរួម) ស្របពេលដែលឆ្នាំ២០៣០ និងឆ្នាំ២០៣៤ កំពុងស្ថិតក្នុងដំណាក់កាលដាក់បញ្ចូលបេក្ខភាពនៃការដេញថ្លៃធ្វើម្ចាស់ផ្ទះ៕