កីឡាករ Theerathorn Bunmathan ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិថៃ បាននិយាយថា គេចង់ឈប់លេងបាល់ជាមួយក្រុមនៅតំបន់អាស៊ានហើយ ដ្បិតចង់ប្រកួតនៅកម្រិតអាស៊ី ទើបមានការរីកចម្រើនជាង។
និយាយបែបនេះគឺបន្ទាប់ពីអ្នកសារព័ត៌មានថៃ សួរនាំអំពីពានរង្វាន់ជើងឯកអាស៊ាន ដែលទើបប្ដូរម្ចាស់ឧបត្ថម្ភថ្មី ពី ‘AFF Suzuki Cup’ មកជា ‘AFF Mitsubishi Electric Cup’ នៅចុងឆ្នាំ មុនទៅប្រកួត AFC Asian Cup នៅពាក់កណ្តាលឆ្នាំក្រោយ។
កីឡាករវ័យ ៣២ឆ្នាំរូបនេះបានលើកឡើងថា៖ «បើសួរខ្លួនឯង ខ្ញុំសុខចិត្តលេងកម្រិតអាស៊ី ប៉ុន្តែបើជម្រើសជាតិកោះហៅខ្ញុំត្រូវតែលេង។ ខ្ញុំគិតថានៅកម្រិតអាស៊ានមិនសមនឹងលេងនោះទេ។ ព្រោះគេលេងទាត់មនុស្សច្រើនជាងទាត់បាល់ វាអាក្រក់មើលណាស់ពេលប្រកួត។ មិនដូចអាស៊ី ដែលការវិនិច្ឆ័យមានភាពអព្យាក្រឹតជាង ខ្ញុំមិននិយាយថាខ្ញុំមើលរំលងអាស៊ាន ហើយទៅអាស៊ីទេ។ ប៉ុន្តែបើចង់ធ្វើដូចជប៉ុន ត្រូវប្រើការប្រកួតនៅអាស៊ាន ដើម្បីពង្រឹងនៅកម្រិតអាស៊ី»។
«ដូចស៊ីហ្គេមវិញ បើនៅជប៉ុនគឺគេប្រើ U-20 ឬ U-19។ វាមិនចាំបាច់សូម្បីតែយកកីឡាករនៅក្នុងលីគ។ បើលេង U-23 យក U-19 មកប្រកួតជំនួស ព្រោះឈុតទាំងនេះអាចងាយស្រួលប្រមូលបាន។ គ្មានការស្នើសុំពីក្លិប ទោះចាញ់ក៏មិនអីដែរ។ ប្រើវាជាផ្នែកបន្ថែមជំនួសឱ្យការអាចគាំទ្រដល់ជម្រើសជាតិឈុតធំនាពេលខាងមុខផងដែរ»។ Theerathorn បានបន្ថែម។
កីឡាករដែលលេងឲ្យជម្រើសជាតិថៃ បាន ៧២ប្រកួតរូបនេះបាននិយាយទៀតថា៖ “យកកីឡាករ U-23 ឆ្នើមៗ ចូលរួមក្រុមធំទៅទាត់កម្រិតអាស៊ាន ដូចជាស៊ីហ្គេមជាដើមនេះអត់ល្អទៀតទេ។ តែមិនអីទេ ដំបូងយើងប្រហែលជាមិនអាចទទួលយកវាបានទេ។ ប៉ុន្តែត្រូវតែទទួល, តាមគំនិតរបស់ខ្ញុំ យើងត្រូវទទួលយកថាយើងនឹងមិនក្លាយជាក្រុមជើងឯកនោះទេ។ ទទួលយកផលប៉ះពាល់ពីពេលនេះ ដើម្បីអាចឲ្យមានការរីកចម្រើនតាមរបៀបត្រឹមត្រូវ។»