ថៃ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបដិសេធការអញ្ជើញរបស់សមាគមបាល់ទាត់ថៃ មិនមកលេងពានមិត្តភាព King’s Cup នៅចំថ្ងៃ ‘FIFA Day’ នាខេត្តឈៀងម៉ៃ ខែកញ្ញាខាងមុខនេះឡើយ ដោយសារតែពួកគេក៏នឹងរៀបចំការប្រកួតពានផ្ទាល់ខ្លួនរបស់គេផងដែរ។
សមាគមកីឡាបាល់ទាត់ថៃ ត្រៀមរៀបចំការប្រកួតចំនួន៤ ក្នុងអំឡុងថ្ងៃ FIFA Day នាខែកញ្ញានេះ នៅខេត្តឈៀងម៉ៃ ដែលត្រូវបានគេរំពឹងថាគឺពាន “King’s Cup”។
ដំបូងឡើយមានក្រុមជម្រើសជាតិម៉ាឡេស៊ី ដែលបានទទួលយកការអញ្ជើញចូលរួមប្រកួត ហើយប្រទេសចំនួន ២ទៀត ត្រូវបានគេបង្ហើបថាមាន ១ជាក្រុមមកពីទ្វីបអាស៊ី និង ១ក្រុមទៀតមកពីក្រៅទ្វីបអាស៊ី។ ប៉ុន្តែថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបដិសេធការអញ្ជើញរបស់សមាគមកីឡាបាល់ទាត់ថៃ ដែលបានផ្ញើលិខិតអញ្ជើញចូលរួមកម្មវិធីនេះ។
សហព័ន្ធកីឡាបាល់ទាត់វៀតណាម អះអាងថា ក្នុងអំឡុងថ្ងៃ FIFA Day ក្នុងខែកញ្ញា ពួកគេក៏នឹងរៀបចំការប្រកួតរបស់ខ្លួនផងដែរ ដូច្នេះហើយ មិនអាចធ្វើដំណើរទៅប្រកួតនៅប្រទេសថៃបានឡើយ៕