ភ្នំពេញ៖ កីឡាករ Yudai Ogawa របស់ក្រុមភ្នំពេញក្រោន បានសម្រេចចិត្តប្រគល់ Microwave ដែលរូបគេទទួលបានក្នុងនាមជាកីឡាករល្អជាងគេ (Man of The Match) ក្នុងការប្រកួតទល់ក្រុមណាហ្គាវើលដ៏ ទៅឱ្យកីឡាករ យ៉ើ ម៉ូស្លីម វិញដើម្បីជាការលើកទឹកចិត្តមិត្តរួមក្រុមវ័យក្មេងរូបនេះបន្ទាប់ពីមើលឃើញថា យ៉ើ ម៉ូស្លីម បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទីបានសម្រេចដល់ទៅ ៤ លើក ក្នុងជំនួបទល់នឹងក្រុមគីរីវង់សុខសែនជ័យ នៅសប្តាហ៍ទី ១២ កន្លងទៅ។ នេះពិតជាកាយវិការដ៏គួរឱ្យកោតសរសើរមួយនិងជាការបង្ហាញនូវការផ្តល់កម្លាំងចិត្តចំពោះមិត្តរួមក្រុមដែលមានស្នាដៃចំពោះក្រុមទាំងមូល។
គួររំលឹកថា Yudai Ogawa គឺជាកីឡាករបរទេសដំបូងគេរបស់លោក Oleg Starynskyi ក្រោយពីលោកត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកភ្នំពេញក្រោនកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ មុនចូលរួមជាមួយភ្នំពេញក្រោនខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះធ្លាប់លងឲ្យក្លិបធំៗចំនួនពីរនៅកម្ពុជា។ ក្នុងនោះរូបគេបានចុះកិច្ចសន្យាលេងក្លិបមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទនៅឆ្នាំ២០១៨ មុនផ្ទេរទៅកាន់ក្លិបអង្គរថាយហ្គឺរនៅឆ្នាំ២០១៩ និង២០២០។
