សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននឹងកំពុងរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់ រាជធានី-ខេត្ត ដែលមានការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program។
សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីប្រធាន និងអនុប្រធានមន្ទីអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត។
គោលបំណងរបស់សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍថ្នាលយុវជនគ្រប់ខេត្តរួចទៅហើយ និងជាមួយគ្នា ដែលកន្លងមក UEFA Assist ធ្លាប់បានជួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកសម្ភារ (ជារថយន្ដ) ម្ដងរួចហើយផងដែរ។
ចាំបានថា កាលពីឆ្នាំ២០២០ UEFA បានជួយកម្ពុជាតាមរយៈគម្រោងថវិកា UEFA Assist Program ផ្ដល់ប្រាក់ឱ្យកម្ពុជាតាមរយៈ AFC ចំនួន ៤៣ ០០០អឺរ៉ូ ឬស្មើនឹងជិត៥ម៉ឺនដុល្លារ ដើម្បីទិញឡានប្រភេទ១២កៅអី ទុកសម្រាប់ប្រើប្រាស់។
ជាការឆ្លើយតបទៅនឹងក្ដីរំពឹង លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយនៅលើ cambodia2023.com ថា លោកសង្ឃឹមសិក្ខាកាមនឹងទទួលបានផ្លែផ្កាពីសិក្ខាសាលានេះ ដ្បិតគ្រូឧទ្ទេសមកពីប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ ជាពិសេសតំណាងរាជធានី-ខេត្តចូលរួម គឺមានឋានៈជាប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្ត ដែលមានភាពងាយស្រួលក្នុងការសម្រេចចិត្ត។
សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត មានប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ច និងរចនាសម្ព័ន្ធសមាគម, ធនធានមុស្ស, ការគ្រប់គ្រងរបស់គ្រប់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល, ផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ, ការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។
UEFA Assist Program គឺជាការគាំទ្រការអភិវឌ្ឍបាល់ទាត់ក្នុង និងក្រៅទ្វីបអឺរ៉ុប។ ដោយចូលទៅក្នុង UEFA និងចំណេះដឹង និងជំនាញរបស់សមាជិក កម្មវិធីចែករំលែកការអនុវត្តល្អបំផុតជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបទាំង៥ ដែលជាដៃគូរបស់ UEFA។ កម្មវិធីនេះ ជួយអភិវឌ្ឍបាល់ទាត់ និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញអន្តរជាតិ និងគម្រោងផ្ទាល់ខ្លួន។ គម្រោងទាំងនោះ មានភាពខុសគ្នា ប៉ុន្តែគម្រោងនីមួយៗ ឆ្លើយតបនឹងតម្រូវការជាក់លាក់ និងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់៕