ក្នុងការប្រកួតរវាង Hanoi FC យកឈ្នះ Hoang Anh Gia Lai (HAGL) ក្នុងសប្ដាហ៍ទី១២ នៃលីគកំពូលវៀតណាម V.League កាលពីថ្ងៃទី១៤ ខែសីហា មានកំហុសមួយបានកើឡើងក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែអាជ្ញាកណ្ដាលបែរជាមិនពិន័យ ពោលគឺកំហុសក្នុងស្ថានភាពដែល កីឡាករ Do Duy Manh របស់ Hanoi ជាន់ជើងរបស់ខ្សែប្រយុទ្ធ Bruno Henrique របស់ HAGL។
ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) លោក Duong Van Hien បានប្រាប់សារព័ត៌មានវៀតណាម Zingnews ថា “ក្នុងស្ថានភាពនោះ អាជ្ញាកណ្តាលមានមុំមើលល្អ ដោយឈរនៅជិតទីតាំងដែលមានកំហុស ប៉ុន្តែសម្រាប់ហេតុផលខ្លះគាត់មិនផ្លុំ។ នេះជាកំហុសរបស់អាជ្ញាកណ្តាល”។
លោក Hien បានមានប្រសាសន៍ទៀតថា “យើងបានចាត់ឱ្យក្រុមអាជ្ញាកណ្តាលល្អបំផុតដើម្បីបំពេញភារកិច្ចក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ កំហុសគឺជាអ្វីមួយដែលគ្មាននរណាម្នាក់ចង់បាន”។ យ៉ាងណាមិញ លោកបដិសេធមិនបង្ហាញពីការពិន័យអាជ្ញាកណ្តាលល្អបំផុតក្នុងបាល់ទាត់វៀតណាមរបៀបណានោះទេ។
អាជ្ញាកណ្តាល Ngo Duy Lan ស្ថិតចំងាយប្រហែល ៤ម៉ែត្រប៉ុណ្ណោះ ពីកន្លែងបង្ករកំហុស មានមុំមើលល្អ មិនមានអ្វីបាំង។ ស្ថានភាពនេះបានកើតឡើងបន្ទាប់ពីប្រកួតបាន៣៣នាទី។ លទ្ធផលស្មើ ០-០ ហើយ កីឡាករដែលជាន់ជើងគេនោះ បានកាតលឿងម្ដងរួចទៅហើយ តាំងពីនៅនាទី១៧។ ជាមួយនឹងកំហុសនេះ ខ្សែការពារកណ្តាលលេខ២៨ ទំនងជាទទួលបានកាតលឿងមួយទៀត ដែលត្រូវបានបណ្តេញចេញពីទីលាន។ ដោយសារតែប៉ះពាល់ដល់លទ្ធផលនៃការប្រកួត បែបនេះ ទើបអាជ្ញាកណ្តាលរបស់ FIFA លោក Ngo Duy Lan សម្រេចចិត្តមិនរួច។
ក្នុងការប្រកួតជាមួយ HAGL ក្រុម Hanoi បានយកឈ្នះក្នុងលទ្ធផល 2-1 ដោយសារការស៊ុតបាល់បញ្ចូលទីពីរគ្រាប់របស់កីឡាករ Nguyen Van Quyet និង Pham Tuan Hai។ ខ្សែប្រយុទ្ធ Bruno រកបានមួយគ្រាប់វិញសម្រាប់ក្រុមភ្ញៀវ៕
ប្រភព៖ Zingnews