លោកឧត្តមសេនីយ៍ឯក Somyot Phumphanmuang ប្រធានសមាគមកីឡាបាល់ទាត់ថៃ បានជួបពិភាក្សាជាមួយនឹងលោកស្រី Nuanphan Lamsam (Madam Pang) អ្នកចាត់ការក្រុមជម្រើសជាតិថៃ ដើម្បីរៀបចំគម្រោង ក្រុមជម្រើសជាតិថៃ ឈុតធំ សម្រាប់គោលដៅចូលរួមប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2026) ឆ្នាំ២០២៦ ដោយយោងតាមប្រតិទិនឆ្នាំ២០២២-២០២៤។
សម្រាប់ក្រុមជម្រើសជាតិថៃឈុតធំ មាន៣ព្រឹត្តិការណ៍ធំៗក្នុងអំឡុងឆ្នាំនេះ និងឆ្នាំក្រោយក្នុងនោះរួមមានការប្រកួតពានមិត្តភាព (King’s Cup) ខែកញ្ញា ចំនឹងថ្ងៃ (FIFA Day) នៅខេត្តឈៀងម៉ៃ ដែលមាន ៤ប្រទេសចូលរួមក្នុងនោះមានក្រុមជម្រើសជាតិថៃ (ម្ចាស់ផ្ទះ) ម៉ាឡេស៊ី, ក្រុមជម្រើសជាតិតាជីគីស្ថាន និងជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ។
ការប្រកួតជើងឯកអាស៊ាន អំឡុងខែធ្នូ ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ និងជុំផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០២៣ ចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ឯក Somyot Phumphanmuang បានបន្ថែមថា “ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ គឺជាគោលដៅដែលខ្ញុំបានគិតមួយរយៈមកហើយ។ នេះជាឱកាសល្អសម្រាប់ក្រុមជម្រើសជាតិថៃ ក្នុងការឈ្នះឱកាសឡើងទៅប្រកួតនៅជុំចុងក្រោយ។ ដោយសារតែក្រុមត្រូវបានបង្កើនដល់៤៨ក្រុម ហើយថ្មីៗនេះបានប្រកាសកូតាអាស៊ីត្រូវបានបង្កើនដល់ ៨+១ ផងដែរ”។
“ទោះជាយ៉ាងណាក៏ដោយពីមុនមកសហព័ន្ធ បានកំណត់យុទ្ធសាស្ត្រសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែចាប់ពីពេលនេះតទៅ ក្នុងការប្រកួតបាល់ទាត់យុវជន នឹងប្រើប្រាស់កីឡាករក្មេងៗ ដើម្បីត្រួសត្រាយផ្លូវសម្រាប់វគ្គជម្រុះអូឡាំពិក។ ហើយនឹងមិនប្រើកូតាកីឡាករអាយុលើសក្នុងព្រឹត្តិកីឡាអាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍កីឡាអាស៊ី ដូចដែលបានប្រកាសកន្លងមកនោះទេ”។
ប្រភព៖ siamsport