នាពេលបច្ចុប្បន្នគេឃើញមានកីឡាការិនីកម្ពុជា ៣នាក់ ទាំងកូនកាត់ និងកូនខ្មែរសុទ្ធសាធ កំពុងរស់នៅក្រៅប្រទេសហើយក៏កំពុងលេងកីឡាបាល់ទាត់ ក្នុងក្របខ័ណ្ឌបាល់ទាត់មួយដែលអាចនិយាយបានថា មានកម្រិតប្រកួតប្រជែងរៀងខ្លួនៗ។
- កីឡាការិនី Sandra Hill
កូនកាត់ខ្មែរ-អូស្ត្រាលី
Sandra Hill កើតប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ ឈ្មោះ ប្រាក់ ចិន្តា អតីតកីឡាករបាល់ទះជម្រើសជាតិនារី និងជាប្អូនស្រីបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ផងដែរ ជាពិសេសជាក្មួយបង្កើតលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីផ្ទាល់។
បច្ចុប្បន្នកីឡាការិនី Sandra Hill កំពុងប្រកបអាជីពនៅក្រុម Grand Canyon សាកលវិទ្យាល័យសហរដ្ឋអាមេរិក អស់រយ:ពេល៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៧-២២ ដោយបង្ហាញខ្លួនបាន ៦០ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់។
ប្អូនជីដូនមួយរបស់កីឡាករ ប្រាក់ មុន្នីឧត្តម រូបនេះក៏ធ្លាប់ជម្រើសជាតិនារីកម្ពុជា ផងដែរកាលពីអំឡុងឆ្នាំ២០១៨។
- កីឡាការិនី Selena Chhiv
គឺជាកូនខ្មែរសុទ្ធសាធ មានទាំងឪពុក និងម្តាយសញ្ជាតិខ្មែរ ហើយបានទៅរស់នៅប្រទេសកាណាដា កាលពីសម័យសង្គ្រាម ។
កីឡាការិនី Selena Chhiv កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ៥ឆ្នាំ ប៉ុន្តែចាប់ផ្តើមលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ ១២ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ឆ្នាំចាប់ផ្ដើមលេងក្នុងកម្រិត Elite ជាមួយក្រុម Quebec (AAA)។
នៅអាយុ ១៨ឆ្នាំ នាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព (លេងលីគកម្រិតខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំនុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។
ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21 AA លុះចូលដល់ឆ្នាំ២០២០ ចាប់ផ្ដើមជាមួយក្រុមពាក់កណ្ដាលអាជីពលើកដំបូង ដោយចូលរួមជាមួយក្លិប CS Fabrose Semi-Pro (PLSQ)។ កាលពីឆ្នាំ២០២១ កន្លងទៅលេងឲ្យ Notre-Dame-De-Grâce U19 AAA និងបច្ចុប្បន្ន២០២២នេះ លេងឲ្យ CS MRO Outremont U21 AAA។
- កីឡាការិនី ហួត គឹមហុង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងលេងឲ្យក្រុមសាកលវិទ្យាល័យមួយផងដែរ។
ហួត គឹមហុង ធ្លាប់ជាអតីតកីឡាការិនីជម្រើសជាតិកម្ពុជា និងជាប្រធានក្រុម កាលពីឆ្នាំ២០១៨ បច្ចុប្បន្ននាងកំពុងសិក្សា និងហ្វឹកហាត់បាល់ទាត់នៅសហរដ្ឋអាមេរិក ជាមួយក្រុម Bryant & Stratton – Syracuse នៃសាកលវិទ្យាល័យ និងទើបតែជួយឲ្យក្រុមលើកពានផងដែរ។
គឹមហុង ត្រូវបានចាត់ទុកថាជាកីឡាការិនីដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុមជម្រើសជាតិនារីកម្ពុជា (All time Cambodia Women’s Top Goals Scorer) ពោលគឺរកបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៤ដង។