នៅថ្ងៃទី២០ និងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ក្រុម U-23 កម្ពុជា ក៏ដូចជាជម្រើសជាតិឈុតធំ នឹងមានការប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុម U-23 ជប៉ុន និងជម្រើសជាតិបង់ក្លាដេស រៀងៗខ្លួន នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ភាគច្រើននៃកីឡាករជម្រើសជាតិកម្ពុជា បច្ចុប្បន្នក៏មានឈ្មោះទាំងជាមួយឈុតធំ និងឈុត U-23 ហើយបើក្រឡេកមើលពេលវេលាប្រកួត គឺមានភាពប្រកៀកគ្នាខ្លាំង ពោលគឺនៅពេលដែលកីឡាករ U-23 ប្រកួតចប់ សម្រាកបានតែ ១ថ្ងៃ នឹងចូលដល់ការប្រកួតរបស់ជម្រើសជាតិឈុតធំ ដែលនេះជាបញ្ហាត្រូវបានអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា លោក ឈូក ពិសិដ្ឋ បានលើកមកបង្ហាញផងដែរនៅលើវិបសាយផ្លូវការរបស់ស៊ីហ្គេម ឆ្នាំ២០២៣ cambodia2023.com ។
U-23 កម្ពុជា ក្នុងដំណើរវិលត្រឡប់មកប្រកួតត្រៀមស៊ីហ្គេម ២០២៣ និងការធ្វើតេស្តជាមួយ U-23 ជប៉ុន
«ជាគំនិតឥឡូវនេះ យើងនឹងបែងចែកដាច់ដោយឡែក ប៉ុន្តែយើងនឹងពិនិត្យស្ថានភាពជាក់ស្ដែង។ ប៉ុន្តែបើមើលទៅយើងពិបាកក្នុងការដាក់បញ្ចូលគ្នាណាស់ ដោយសារតែការប្រកួតកៀកៗគ្នា។ អ៊ីចឹង មិនអាចកីឡាករមួយ លេងប្រកួតមួយហើយ មកលេងប្រកួតមួយទៀតកើត។ អ៊ីចឹង ប្រហែលជាអាចដាច់ដោយឡែកតែម្ដង។ ប៉ុន្តែឥឡូវនេះ យើងកំពុងពិចារណា មិនទាន់សម្រេចជារួមតែម្ដងទេ ដោយសារតែឥឡូវគឺយើងកំពុងតែពិនិត្យមើលបញ្ជីឈ្មោះកីឡាករ ដែលយើងនឹងកោះហៅសម្រាប់ចូលរួមប្រមូលផ្ដុំ។ ឥឡូវ យើងកំពុងតែពិនិត្យមើលសិនថា តើកម្រិតកីឡាករយើងណាខ្លះ ពួកគាត់ទៅ U-20 កីឡាករណាខ្លះដែលគាត់នឹងត្រូវលេង ហើយយើងមានពាក់ព័ន្ធនឹងការធ្វើតេស្តកាយសម្បទា មុននឹងការប្រមូលផ្ដុំទៀត»។
ជុំវិញការប្រកួតរបស់ U-23 កម្ពុជា ជាមួយ U-23 ជប៉ុន លោក ឈូក ពិសិដ្ឋ បានបញ្ជាក់ថា នេះជាការប្រកួតមួយដ៏មានសារៈសំខាន់ដ្បិតត្រូវប្រកួតជាមួយក្រុមខ្លាំងប្រចាំតំបន់អាស៊ី ដើម្បីដកស្រង់បច្ចេកទេស ឱ្យបានកាន់តែរឹងមាំក្នុងអំឡុងពេលសម្រាកលីគ។
លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតជាមួយក្រុម U-23 ជប៉ុន គឺពាក់ព័ន្ធទាំងការប្រកួតត្រៀមស៊ីហ្គេមឆ្នាំក្រោយ ហើយក៏ជាបទពិសោធថ្មីមួយដែលយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមជើងខ្លាំងមួយនៅក្នុងតំបន់អាស៊ី គឺក្រុមជប៉ុន។ ពិតណាស់ យើងធ្លាប់មានបទពិសោធម្ដង ដែលយើងបានប្រកួតនៅប្រទេសជប៉ុន ប៉ះជាមួយក្រុម U-23 របស់ជប៉ុន ដែលជាការប្រកួតផ្លូវការ។ នេះក៏ជាឱកាសលើកទី២ ដែលយើងបានប្រកួតជាមួយពួកគាត់ អ៊ីចឹងជាការប្រកួតប្រជែងបន្ថែមថ្មីទៀតសម្រាប់ជាការពង្រឹងសមត្ថភាព ជាមួយនឹងកីឡាករដែលកម្រិតខ្ពស់ជាងយើង ទាំងអស់ហ្នឹងជាផ្នែកមួយដែលអាចជាផលវិជ្ជមានសម្រាប់កីឡាករយើង។ ហើយជាការប្រកួតមួយដែលយើងលេងក្នុងទឹកដីរបស់យើង ក្នុងនាមជាម្ចាស់ផ្ទះ អ៊ីចឹងនេះជាការប្រកួតមួយដែលយើងគិតថាអាចជាផលចំណេញសម្រាប់យើងក្នុងការប្រកួត»។
«ការប្រកួតនេះ មិនមែនជំនួសការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅចិនបានទេ។ ប៉ុន្តែ ដើម្បីរក្សាសកម្មភាព និងការប្រកួតរបស់ក្រុមយុវជន U-23 ក៏ដូចជាឈុតធំ អ៊ីចឹងជាការប្រកួតមួយ ដែលយើងអាចថារក្សាសកម្មភាព និងការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់យើងដូចគ្នា។ ហើយដូចបានបញ្ជាក់អ៊ីចឹង FIFA Day ខែ៩ ជា FIFA Day ចុងក្រោយ នៅក្នុងឆ្នាំហ្នឹង។ អ៊ីចឹង យើងមានការប្រកួត U-23 ផង ឈុតធំផង ដែលអនុញ្ញាតឲ្យកីឡាករពីក្លិបយើង បានចូលរួមការប្រកួត និងការប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិ»។ លោក ឈូក ពិសិដ្ឋ បានបន្ថែម។
បញ្ជាក់ថា U-23 កម្ពុជា ប្រកួតជាមួយ U-23 ជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា បន្ទាប់មក ជម្រើសជាតិកម្ពុជាឈុតធំ ប្រកួតជាមួយ ជម្រើសជាតិបង់ក្លាដេស នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៕