ការប្រកួតព្រឹត្តិការណ៍កីឡាជាតិ (National Games) ដែលខកខានរៀបចំម្ដងរួចមកហើយកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ-២៩ នឹងត្រូវរៀបចំឱ្យមានការប្រកួតឡើងវិញ នៅឆ្នាំ២០២២នេះ ដើម្បីត្រៀមមុនការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មកដល់។
ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ដោយមានកីឡាចំនួន ៣៩ប្រភេទដាក់ឱ្យប្រកួត ក្នុងនោះក៏មានប្រភេទកីឡាបាល់ទាត់ (បុរស-នារី) ផងដែរ។
ប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស-នារី ត្រូវបានដឹងថាមានក្រុមសរុបចំនួន ២២ក្រុមចូលរួម ក្នុងនោះមាននារី ១១ក្រុម និងបុរស ១១ក្រុម។
ការប្រកួតកីឡាជាតិ លើកទី៣ នឹងរៀបចំការប្រកួតនៅទីលានចំនួន ៦ រាជធានី-ខេត្ត ពិសេសទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការចូលរួមប្រមាណ ៧,០០០ នាក់។ ចំពោះប្រភេទកីឡា ដែលគ្រោងរៀបចំក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ គឺមាន ៣៩ប្រភេទកីឡា និងកីឡាប៉ារ៉ាឡាំពិក ៧ ប្រភេទកីឡាផងដែរ៕