ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតពូល A ជាមួយក្រុមខ្លាំងៗ ក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF Mitsubishi Electric Cup 2022) ឆ្នាំ២០២២ នៅពូលជាមួយក្រុមខ្លាំង ជម្រើសជាតិថៃ, ជម្រើសជាតិហ្វីលីពីន, ជម្រើសជាតិឥណ្ឌូនេស៊ី និងក្រុមឈ្នះវគ្គជម្រុះរវាង ទីម័រខាងកើត ឬក៏ ព្រុយណេ។
ក្រោយចាប់ឆ្នោត ហើយនិងជាការត្រៀម គ្រូបង្វឹកនៃក្រុមខ្លាំងពីរប្រចាំពូល ថៃ ជាមួយ ឥណ្ឌូនេស៊ី បានលើកឡើងពីការត្រៀមកោះហៅកីឡាករល្អៗរៀងៗខ្លួន។
គ្រូថៃ លោក Mano Polking បាននិយាយថា 🇹🇭🗣 «ខ្ញុំធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមក្នុងការនាំកីឡាករល្អបំផុតដើម្បីជួយក្រុម។ យើងដឹងថាមានកីឡាករសំខាន់ៗមួយចំនួនដែលកំពុងលេងនៅប្រទេសជប៉ុនដូចជា Chanathip, Supachok និង Chaowat ប៉ុន្តែយើងនៅតែមានពេលវេលាដើម្បីដោះស្រាយរឿងនេះ។»
«យើងក៏ត្រូវគិតគូរពីកាលវិភាគនៃ J-League និង Thai League ផងដែរ ព្រោះឆ្នាំនេះ លីគជាច្រើនត្រូវឈប់កំឡុងពេល World Cup ។ យើងត្រូវមើលថាតើត្រូវធ្វើអ្វីដើម្បីអោយកីឡាករល្អៗត្រៀមជួយក្រុម។»
គ្រូឥណ្ឌូនេស៊ី លោក Shin Tae Yong បាននិយាយផងដែរថា 🇵🇱🗣 «សម្រាប់ការជ្រើសរើសកីឡាករ ខ្ញុំនឹងជ្រើសរើសកីឡាករល្អបំផុតតាមលក្ខខណ្ឌ ហើយពិតណាស់នឹងមានកីឡាករចូលសញ្ជាតិ។
ជាពិសេសនៅពេលនេះ Sandy Walsh, Jordi Amat, និង Shayne Pattynama នៅតែស្ថិតក្នុងដំណើរការចូលសញ្ជាតិ។ យើងសង្ឃឹមថាពួកគេទាំងបីអាចចូលរួមជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងពេលឆាប់ៗនេះ។»
កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ឆ្នាំ ដោយមានជីដូនជាជនជាតិឥណ្ឌូនេស៊ី។ គេធ្លាប់លេងឱ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City, Betis និងបច្ចុប្បន្នលេងឱ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21។
កីឡាករ Shayne Elian Jay Pattynama (ខ្សែការពារស្លាបឆ្វេង និងបម្រើ) គឺកូនកាត់ហូឡង់ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ដោយមានឪពុកជាជនជាតិឥណ្ឌូនេស៊ី។ គេធ្លាប់ជាយុវជនរបស់ Ajax និងបច្ចុប្បន្នលេងឱ្យ ក្លិប Viking FK នៃលីគកំពូលន័រវេស។
កីឡាករ Sandy Harry Walsh (ខ្សែការពារស្លាបស្ដាំ និងកណ្ដាល) គឺកូនកាត់បែលហ្សិក បច្ចុប្បន្នមានវ័យ ២៧ឆ្នាំ ដោយមានម្ដាយ ជាជនជាតិឥណ្ឌូនេស៊ី កាត់ហូឡង់។ គេធ្លាប់ជាយុវជនរបស់ Anderlecht និងបច្ចុប្បន្នលេងឱ្យ ក្លិប K.V. Mechelen នៃលីគកំពូលបែលហ្សិក។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនហូឡង់ តាំងពីឈុត U-15 រហូតដល់ U-20៕