ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្នុងការបញ្ជៀតប្រភេទកីឡាតេក្វាន់ដូ ITF ចូលទៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាឆ្នាំក្រោយនេះរួចមក ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា លោក កែវ រ៉េមី នៅតែបន្តប្ដជ្ញាចិត្តថានឹងព្យាយាមដាក់បញ្ជូលប្រភេទកីឡារបស់កូរ៉េខាងជើងមួយនេះ ទៅក្នុងស៊ីហ្គេមឱ្យបាន។
ការបរាជ័យក្នុងការដាក់បញ្ជូល ITF ចូលក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំក្រោយនេះដោយសារមានការរារាំងពីប្រទេសមួយ ដែលដើរខ្ទប់បណ្ដាប្រទេសអាស៊ានមិនឲ្យចូលរួម។ នេះបើតាមការបញ្ជាក់របស់លោក កែវ រ៉េមី តែលោកមិនបានបញ្ជាក់ប្រទេសមួយនោះ គឺជាប្រទេសណានោះទេ ។
លោកបានថ្លែងបែបនេះនៅក្នុងពិធីបិទការប្រកួតជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញដូច្នះថា៖ «អាខ្លាំងពេកក៏មានបញ្ហាដែរ ។ ខ្លាំងពេកធ្វើឲ្យមានប្រទេសមួយនោះ គាត់ដើរខ្ទប់ គាត់ខ្ទប់បណ្ដាប្រទេសអាស៊ាន មិនឲ្យបញ្ជូនតេក្វាន់ដូ ITF មកប្រកួតជាមួយយើង ។ ក្មួយៗ ត្រូវដឹងថា ITF តាំងពីគេមិនស្គាល់ អត់មានអ្នកស្គាល់ថា តេក្វាន់ដូ ITF យ៉ាងម៉េច រហូតដល់គេស្គាល់ ស្គាល់ដល់អន្ដរជាតិ ពូរុញខ្លះ រហូតដល់ប្រធានសហព័ន្ធតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធអន្ដរជាតិទៀត ហើយរហូតដល់ថ្នាក់ដឹកនាំកំពូលប្រទេសរបស់យើង ទទួលស្គាល់ ITF ថា ជាប្រភេទកីឡាតេក្វាន់ដូខ្លាំង ។ ក៏ប៉ុន្ដែដោយសារខ្លាំងពេក គេខ្ទប់យើង ដោយយកបញ្ហានយោបាយ នៃឬសគល់តេក្វាន់ដូហ្នឹង ប្រទេសមួយនោះ» ។
ពាក់ព័ន្ធនឹងការព្យាយាមដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ វិញ លោក កែវ រ៉េមី បានពន្យល់ថា៖ «កីឡានេះ មានសារៈសំខាន់ណាស់ អាចបង្រួបបង្រួមជាតិសាសន៍មួយ ដែលកំពុងបាក់បែករួបរួមគ្នាបាន យើងព្យាយាមឲ្យកីឡាតេក្វាន់ដូ ITF ចូលស៊ីហ្គេម យើងសង្ឃឹមថា ជាតិសាសន៍ ២ នោះ រួបរួមតាមរយៈកីឡា ក៏ប៉ុន្ដែផ្ទុយទៅវិញ គាត់ប្រឆាំងគ្នាឥតឈប់ ។ បងប្អូនខ្លួនឯងទេ តែប្រឆាំងគ្នាឥតឈប់តែម្ដង ហើយតាមរយៈនៃការប្រឆាំងគ្នានេះ ខ្ញុំមើលឃើញថា ជាតិសាសន៍នេះ មិនអាចរួបរួមគ្នាបានទេ យើងព្យាយាមជួយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏លោកបានទៅធ្វើបទបង្ហាញ ធ្វើសន្ទរកថានៅពិភពលោក ក៏ចង់ឃើញប្រទេសទាំងពីរនោះរួបរួមគ្នាដែរ» ។
លោកបន្ដថា «តាមរយៈកីឡានេះ គឺជារឿងសំខាន់ណាស់ តែនេះជារឿងរបស់គាត់ យើងសោកស្ដាយដែរ តែយ៉ាងណាក៏ដោយនិយាយរឿងក្មួយៗ អត់មានអ្វីចាញ់សោះ ITF មែនឬមែន? កន្លងមកយើងមកធ្លាប់ចូលស៊ីហ្គេមណា ហើយឥលូវអត់ចូលទៀត មានអីស្លាប់? អត់ទេ ។ ចឹងយើងត្រៀមទៅប្រកួត World Champions នៅក្រៅប្រទេសទៀត ឈ្នះ លើកទង់ជាតិខ្មែរដូចគ្នាទេ ។ យ៉ាងម៉េចក៏ដោយ អត់មានបាក់ទឹកចិត្តទេ យើងអត់ដែលចាញ់ គ្មានអ្វីត្រូវបាត់បង់ទេ តាំងពីងើបបាត់ដៃទទេ រហូតដល់ហក់ចូលទៅស៊ីហ្គេម គេទប់នៅស៊ីហ្គេម ខ្វែងដៃខ្វែងជើង ។ មានតែកម្ពុជាទេ ដែលបង្កើតប្រវត្តិសាស្ដ្របញ្ចូល ITF ចូលស៊ីហ្គេម សូម្បីតែនៅអឺរ៉ុប ពិភពលោក គេទទួលស្គាល់ស្នាដៃ ITF របស់កម្ពុជា អបអរសាទរ ITF កម្ពុជាដែរ» ៕
អត្ថបទ៖ ផ្ដល់ឱ្យ