- កីឡាជឺជីតស៊ូ
ក្រោយពីធ្វើការប្រកួតប្រជែងអស់រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្ដើមបានមេដាយច្រើនជាងគេ ផ្នែកប្រភេទកីឡាជឺជីតស៊ូ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយក្នុងនោះរួមមានមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ១ ។
ចំណាត់ថ្នាក់លេខ២បានទៅក្រសួងការពារជាតិ ដោយឈ្នះមេដាយមាស ២ និងសំរឹទ្ធ ៦ ។ រីឯរាជធានីភ្នំពេញ ឈ្នះមេដាយមាស ១ ប្រាក់ ៤ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្រសួងមហាផ្ទៃ ឈរលេខ៤ ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៣គ្រឿង ។
ក្នុងពិធីបិទការប្រកួតកាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅថ្មីៗនេះលោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធ បានគូសបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលកីឡាជឺជីតស៊ូ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិ ដែលជាពេលវេលាដ៏សំខាន់សម្រាប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនី ត្រូវសិក្សាស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្វះខាត ហើយត្រូវបំពេញបន្ថែម ដើម្បីត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ មុនទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។
ជាលទ្ធផលការប្រកួតលោកបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការរៀបចំ ពិសេសកីឡាករ-កីឡាការិនី ដែលព្យាយាមអស់ពីសមត្ថភាព រហូតជំរុញឲ្យការប្រកួតនេះបញ្ចប់ដោយជោគជ័យ ។
គួបញ្ជាក់ផងដែរថា ពិធីបិទការប្រកួតជ្រើសរើសជើងឯកកីឡាជាតិលើកទី៣ ផ្នែកកីឡាជឺជីតស៊ូ ធ្វើឡើងក្រោមវត្តមានលោក ហួរ សុមេធ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយឯកឧត្តម វ៉ា ស៊ីនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកបេសកម្មពិសេស និងលោក សេង ប៊ុនសុង ប្រធានសហព័ន្ធផងដែរ ៕
- កីឡាសីដក់
ជាមួយគ្នាផងដែរ រយៈពេល៤ថ្ងៃនៃការប្រជែងមេដាយក្លិបសីដក់ក្រសួងការពារជាតិ បានឈ្នះមេដាយច្រើនជាងគេក្នុងចំណោមរាជធានី-ខេត្ត និងក្រសួងចំនួន ៦ដែលបានចូលរួមប្រកួតសីដក់ ដណ្ដើមជើងឯកកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ពោលគឺដណ្ដើមបានមេដាយមាសទាំង ៣វិញ្ញាសាតែម្ដង ខណៈក្រសួងមហាផ្ទៃ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ២ គ្រាដែលខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ឈរលេខ៣ និងលេខ៤ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដូចគ្នា ។
ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អត្តពលិកដែលជាជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់ និងបង្កើនបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់តែមានភាពទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត។
ឯកឧត្តមបន្តថា៖ ដើម្បីឱ្យកីឡាសីដក់កម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទៅថ្ងៃអនាគត ជាពិសេសនៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺ១. ត្រូវខិតខំបណ្តុះបណ្តាលថ្នាលយុវជន បង្កើនបរិមាណកីឡាករ កីឡាការិនីតាមសមាគម កីឡាសីដក់ឱ្យបានទូលំទូលាយ។ ២. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រមឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣. ត្រូវជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន និងហ្វឹកហាត់ជាប្រចាំនៅតាមបណ្តាក្លឹប សមាគម។ ៤. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឫក្លឹប សមាគមទូទាំងប្រទេស។ ៥. ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ក្នុងមួយឆ្នាំៗតាមដែលអាចធ្វើទៅបាន។
គួបញ្ជាក់ផងដែរថា៖ សម្រាប់កីឡាសីដក់នេះ បានដំណើរការប្រកួតរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៧៣នាក់ មកពីរាជធានី-ខេត្ត និងក្រសួងចំនួន ៦ចូលរួម ដោយធ្វើការប្រកួតលើ ៣វិញ្ញាសា រួមមានវិញ្ញាសានារី ២នាក់ ទល់ ២នាក់, វិញ្ញាសាបុរស ២នាក់ ទល់ ២នាក់ និងវិញ្ញាសាបុរស ៣នាក់ ទល់ ៣នាក់ ៕
- តេក្វាន់ដូ ITF
តេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាស ១១គ្រឿង ច្រើនជាងគេក្នុងចំណោមក្រសួង រាជធានីខេត្តទាំង១២ ដែលចូលរួម
ក្លិបតេក្វាន់ដូ ITF របស់ក្រសួងមហាផ្ទៃ បានប្រជែងឈ្នះមេដាយមាសរហូតទៅដល់ ១១គ្រឿង គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមក្រសួង រាជធានី-ខេត្ត ទាំង១២ ដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយក្នុងនោះមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តកោះកុង ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តតាកែវ ។
ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាកាលពីរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកម្សិលមិញនេះ ។ ការប្រកួតនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៤៨នាក់ ដែលធ្វើការប្រកួតលើ ៤ផ្នែក ស្មើនឹង ២៨វិញ្ញាសា។
ក្រោយបញ្ចប់ការប្រកួតថ្នាក់ដឹកនាំសហព័ន្ធ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះដំណើរការប្រកួត ពិសេសការបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនីរយៈពេល ៥ថ្ងៃកន្លងមក គឺមានភាពស្វិតស្វាញខ្លាំង សរបញ្ជាក់ឲ្យឃើញភាពរីកចម្រើន និងការត្រៀមខ្លួនបានយ៉ាងល្អរបស់ក្រសួង និងរាជធានី-ខេត្តទាំងអស់ ដែលបានបញ្ចូលកីឡាករ-កីឡាការិនីមកចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ ។
ទោះបីមិនមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ពិតមែន តែថ្នាក់ដឹកនាំសហព័ន្ធ បានជំរុញដល់កីឡាករ-កីឡាការិនី ត្រូវបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្ដរជាតិផ្សេងៗទៀត នាពេលខាងមុខ ហើយឈានទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិ ដូចប្រភេទកីឡផ្សេងៗទៀតដែរ។
គួបញ្ជាក់ផងដែរថា៖ ក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស ៧ ប្រាក់ ៨ និងសំរឹទ្ធ ៤ ខណៈខេត្តប៉ៃលិន ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ៤ និងសំរឹទ្ធ ៤ ស្របពេលខេត្តតាកែវ ឈរលេខ៤ ឈ្នះមេដាយមាស ២គ្រឿងគត់ និងរាជធានីភ្នំពេញ ឈរលេខ៥ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៤គ្រឿង ៕
អត្ថបទ៖ យឿន ពន្លឺ