ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់សប្តាហ៍ទី ៣ ហើយ សម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ។ ខាងក្រោយនេះគឺជារឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅសប្តាហ៍ទី ៣ នេះ!
បន្ទាប់ពីមានការបង្ហោះឌឺដងគ្នារវាងក្រុមបឹងកេត និងគីរីវង់ ការប្រកួតរបស់ពួកគេមានភាពជក់ចិត្តខ្លាំង ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រគឺ គីរីវង់បានយកជ័យជម្នះទៅលើក្រុមបឹងកេតក្នុងដីខ្លួនឯង ២ ទល់ ០ ដែលជាស្ថិតិល្អមួយសម្រាប់គីរីវង់នៃការចាប់ផ្តើមរដូវកាលថ្មីនេះ ។
ក្រុមចំនួន ៣ បន្តភាពខ្លាំងរបស់ខ្លួននៅសប្តាហ៍នេះ ដោយមិនទាន់ស្គាល់ពាក្យថាចាញ់ ក្នុងនោះរួមមាន៖ ណាហ្គាវើលដ៏ ក្រសួងការពារជាតិ និងគីរីវង់សុខសែនជ័យ ពោលគឺពួកគេមាន ៩ ពិន្ទុពេញៗតែម្តង ។
ការបង្ហាញខ្លួនរបស់ NICK TAYLOR ជាមួយព្រះខ័នរាជស្វាយរៀង ទល់ក្រុមអង្គរថាយហ្គឺរ ដោយរូបគេបានរកគ្រាប់បាល់បាន ១ គ្រាប់ផងដែរ បន្ទាប់ពីការប្តូរចូលនៅនាទី ៦៣ និងទាត់បញ្ចូលទីនៅនាទី ៦៩ ។
ក្នុងជំនួបទល់ក្រុមចាស់អង្គរថាយហ្គឺរ កីឡាករ GABRIEL SILVA COSTA ធ្វើបានយ៉ាងល្អក្នុងការសហការជាមួយមិត្តរួមក្រុម ដោយរូបគេបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលបាន ៣ គ្រាប់ ។
ម្ខាស់ស្បែកជើងមាសលីគកំពូលកម្ពុជាឆ្នាំ ២០២២ កីឡាករ MARCUS WARREN HABER នៅតែបន្តធ្វើបានល្អជាមួយប្រសិទ្ធិភាពក្បាល ក៏ដូចជាគុណភាពនៃការបញ្ចប់ទី ដោយគេរកបាន ៣ គ្រាប់ម្នាក់ឯងក្នុង ១ ប្រកួតផងដែរ ។
ណាហ្គាវើលជាក្រុមដែលទាត់បញ្ចូលទីលើក្រុមគូប្រកួតបានច្រើនជាងគេនៅសប្តាហ៍នេះ ពោលគឺគេរកបានគ្រាប់បាល់ដល់ទៅ ៦ ទល់ ០ លើសូលទីឡូអង្គរ ខណៈក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រុមអង្គរថាយហ្គឺរជាមួយលទ្ធផល ៥ ទល់ ០ ។
ជាចុងក្រោយនោះគឺការប្រកួតដែលមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ច្រើនជាងគេគឺ ជំនួបរវាងអង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន ហនុមាន ដោយមានអ្នកទស្សនាសរុបចំនួន ១៣៦៨ ខណៈប្រកួតលេខរៀងទី ២ នោះគឺចំនួបរវាង ក្រុមអាយអេសអាយដង្កោសែនជ័យ និងក្រុមនគរបាលជាតិ ចំនួន ១២៨៦ ៕