ក្លិបបាល់ទាត់ខេត្តកោះកុង ត្រូវបានគណៈកម្មការរៀបចំការប្រកួត ASSUMPTION COLLEGE THONBURI អញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់ CHANG INTERNATIONAL FOOTBALL 2023 (U13) នៅប្រទេសថៃ ទីក្រុងបាងកក ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី៤-៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។
បើតាមការលើកឡើងរបស់លោក ស៊ុំ វណ្ណា ដែលជានាយកបច្ចេកទេសក្លិបបាល់ទាត់ខេត្តកោះកុង បាននិយាយថា៖ «តាមពិតទៅខាងភាគីថៃមានបំណងក្នុងការអញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់មួយនេះយូរហើយ ប៉ុន្តែក្លិបមិនទាន់មានក្រុមឈុតនេះទេ គឺមានតែក្រុមអាយុក្រោម ១៥ឆ្នាំ ប៉ុន្តែថ្មីៗនេះពេលខ្ញុំមកដល់ក៏រៀបចំជ្រើសរើសក្រុមនេះមក»។
សូមបញ្ជាក់ដែលថាការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៣ឆ្នាំនេះ មានការចូលរួមពីក្រុមចំនួន ៦ មកពី ៤ប្រទេសផ្សេងៗគ្នា ដែលក្នុងនោះរួមមាន៖
- ៣ ក្រុមមកពីប្រទេសថៃម្ចាស់ផ្ទះ ASSUMPTION UNITED, MUANGTHONG UNITED, ThaiBev Football Academy
- ក្រុមខេត្តកោះកុងរបស់កម្ពុជាយើង
- ក្រុម CKH FC មកពីប្រទេសកូរ៉េ
- ក្រុម VIENTIAEN FT) មកពីប្រទេសឡាវ
គួររំលឹកផងដែរថានេះគឺជាលើកទីមួយហើយដែលយុវជនក្លិបខេត្តកោះកុងបានធ្វើដំណើរទៅប្រកួតនៅក្រៅប្រទេសនេះ យើងសង្ឃឹមថានេះគឺជាមោទកភាពមួយសម្រាប់ប្រជាជនខេត្តកោះកុង ព្រោះយុវជនភាគច្រើនគឺជាកីឡាករដែលមានស្រុកកំណើតនៅទីនោះផ្ទាល់តែម្តង៕