កីឡាករ Sumon Reza ដែលខ្សែប្រយុទ្ធក្រុមជម្រើសជាតិបង់ក្លាដែសបាននិយាយថា គេបានប្រថុយប្រថានដោយដាក់សំណើសុំលាលែងពីការងារទៅកាន់អាជ្ញាធរកងទ័ពអាកាស (Air Force authorities) ដើម្បីចូលរួមជំរំហ្វឹកហាត់ក្រុមជម្រើសជាតិ មុនពេលការប្រកួតមិត្តភាពរបស់បង់ក្លាដែស ជាមួយកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ។
កីឡាករដែលលេងឱ្យក្រុមជើងឯកលីគកំពូលបង់ក្លាដែស រដូវកាល២០២១-២២ (Bashundhara Kings) រូបនេះ ក៏មានឈ្មោះក្នុងបញ្ជីបឋមក្រុមជម្រើសជាតិ ដែលមានសមាជិក ២៧នាក់ ដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Javier Cabrera ផងដែរ ដែលបានប្រកាសកាលពីថ្ងៃទី២៥ ខែសីហា។ ប៉ុន្តែរូបគេបានរាយការណ៍ទៅអ្នកចាត់ការក្រុមជម្រើសជាតិ លោក Iqbal Hossain នៅថ្ងៃទី២៦ ខែសីហា ដោយសារមិនទាន់បានទទួលការអនុញ្ញាតពីក្រុមប្រឹក្សាគ្រប់គ្រងកីឡារបស់កងទ័ពអាកាសបង់ក្លាដែស (Air Force Sports Contorl Board) ដែលជាកន្លែងការងាររដ្ឋរបស់គេ។
ដោយសារបែបនេះ Sumon មានការខកចិត្ត ហើយទីបំផុតបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារ។
“ខ្ញុំបានសម្រេចចិត្តប្រថុយប្រថាន [លាលែងពីការងារ] នៃជីវិតរបស់ខ្ញុំ។ គ្មាននរណាម្នាក់ចង់លាលែងពីការងាររដ្ឋនោះទេ ប៉ុន្តែស្ថានការណ៍បានបង្ខំខ្ញុំឱ្យធ្វើការសម្រេចចិត្តដ៏តឹងតែងបែបនេះ”។
“Air Force បានជួយខ្ញុំច្រើនក្នុងការធ្វើអោយខ្ញុំក្លាយជាកីឡាករបាល់ទាត់នាពេលបច្ចុប្បន្ននេះ។ ខ្ញុំពិតជាមានអារម្មណ៍អស់សង្ឃឹមនៅពេលដែលខ្ញុំឃើញថាកីឡាករដែលបានជ្រើសរើសទាំងអស់បានចូលរួមជំរំជម្រើសជាតិ ប៉ុន្តែខ្ញុំមិនអាច… ខ្ញុំថែមទាំងគេងមិនលក់អស់រយៈពេល ២យប់។ ទីបំផុត ខ្ញុំបានដាក់ពាក្យលាលែងពីការងារ… ប៉ុន្តែពួកគេ [អាជ្ញាធរកងទ័ពអាកាស] មិនទាន់យល់ព្រមលើការលាលែងរបស់ខ្ញុំទេ”។
មូលហេតុដែល កងទ័ពអាកាសបង់ក្លាដែស មិនចង់អនុញ្ញាតឱ្យ Sumon ចូលរួមជំរំជម្រើសជាតិទេ ដោយសារពួកគេកំពុងរៀបចំការប្រកួតបាល់ទាត់ (Inter-services football Tournament) ដែលនឹងធ្វើឡើងនៅទីក្រុងដាកា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ជាការប្រកួតក្របខណ្ឌកងទ័ពជាមួយប្រទេសក្បែរៗខាងដូចជា ឥណ្ឌា. ស្រីលង្កា ជាដើម -ល-។
យ៉ាងណាមិញ ក្រោយមកនៅថ្ងៃទី៣០ ខែសីហា កីឡាកររូបនេះក៏ទទួលបានអនុញ្ញាតឱ្យចូលរួមជាមួយក្រុមជម្រើសជាតិវិញហើយ និងបច្ចុប្បន្នកំពុងធ្វើការហ្វឹកហាត់ជាមួយក្រុមផងដែរ។
ជាការឆ្លើយតបទៅនឹងសំណើរបស់សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស កាលពីថ្ងៃទី២១ និងថ្ងៃទី២៨ ខែសីហា ក្រុមប្រឹក្សាគ្រប់គ្រងកីឡារបស់កងទ័ពអាកាស បានចេញលិខិតចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា។
លិខិតចេញផ្សាយបានបញ្ជាក់ថា៖ «កីឡាករបាល់ទាត់របស់ទ័ពអាកាសបង់ក្លាដែស Suman Reza ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងជំរំហ្វឹកហាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស សម្រាប់ការប្រកួតមិត្តភាពរបស់ FIFA ចំនួន២»។
បញ្ជាក់ថា បង់ក្លាដែស នឹងមកប្រកួតមិត្តភាពអន្តរជាតិជាមួយ កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧យប់។
Sumon បានចូលរួមជាមួយ Bangladesh Air Force ក្នុងឆ្នាំ២០១៤ ក្នុងនាមជាទាហាន នៅនាយកដ្ឋានកីឡា និងកាយសម្បទា ហើយបានចាប់ផ្តើមលេងបាល់ទាត់នៅក្នុងលីគកំពូលរបស់ប្រទេស (Bangladesh Premier League) ៣រដូវកាល ជាមួយ Bangladesh Air Force។ គេបានលេង២ រដូវកាលសម្រាប់ក្លិប Uttar Baridhara ហើយត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិក្នុងរដូវកាលទី២ របស់ខ្លួន។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានចូលរួមជាមួយក្រុមជើងឯកលីគ Bashundhara Kings កាលពីរដូវកាលមុន។
គេជាប់ជម្រើសជាតិនៅឆ្នាំ២០២០ បង្ហាញខ្លួនបាន ១៨ប្រកួត និងទាត់បញ្ចូលទីបាន ១គ្រាប់ផងដែរ៕
ប្រភព៖ thedailystar.net