© 2023 – 45Sports. Designed by 45Sports.
Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Trending
- ទម្រង់លេងរបស់ ពឿន គន្ធា បង្ហាញការចាប់ខ្លាំងដល់អ្នកគាំទ្រ
- រឿងរ៉ាវពិសេសៗក្នុងជំនួបទីម័រខាងកើត
- កីឡាករ ៣ រូបនេះកាត់ឈ្មោះចេញហើយ សម្រាប់ក្រុមអាយុក្រោម ២២ឆ្នាំកម្ពុជា
- ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងជំនួបពិសេសៗ
- ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង គីរីវង់សុខសែនជ័យ កង្វះកីឡាករសំខាន់ៗ
- យុវជនអាយុក្រោម ១៣ឆ្នាំ ក្រុមខេត្តកោះកុង ចូលរួមពានរង្វាន់មួយនៅប្រទេសថៃ
- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាចដាក់កីឡាករបរទេសលេងបាន
- ដីចំនួន ៥ ហិចតានៅសៀមរាបជាទីតាំងថ្មីរបស់កីឡដ្ឋានក្លិបអង្គរថាយហ្គឺរ
Author: Ab
កីឡាការិនី ពឿន គន្ធា ធ្វើបានល្អខ្លាំងសម្រាប់ ២ ប្រកួតដំបូងនៃវគ្គចែកពូល ទាំងការសហការជាក្រុម និងការលេងរបស់ខ្លួនផ្ទាល់តែម្តង តែសោកស្តាយការប្រកួតក្រោយរូបគេមិនអាចលេងបានដោយសារតែកាតលឿង ២ ត្រូវជាប់បម្រាមហើយ។ កីឡាការិនីមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ ដំបូងឡើយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធទេ តែពេលទៅបោះជំរុំហ្វឹកហាត់នៅប្រទេសចិនរយៈពេល ៦ ខែ បែរជាត្រលប់មកវិញ លោកគ្រូចិន បានផ្លាស់ប្តូរគេមកលេងនៅតំបន់ការពារខាងឆ្វេង។ ឆ្លងកាត់ការប្រកួត ២លើកមកនេះ រូបគេគឺជាកម្លាំងស្នូលដ៏សំខាន់ ១ របស់ក្រុមនារីកម្ពុជា ខណៈការប្រកួតយប់មិញនេះគេត្រូវបានគ្រូផ្លាស់ប្តូរតួនាទីលេងជាច្រើនលើកច្រើនសារ ពោលគឺដំបូងការពារ បន្ទាប់មកបម្រើកណ្តាល និងចុងក្រោយប្រយុទ្ធស្លាប។ គុណភាពនៃការលេង ១ទល់១ របស់គេល្អណាស់ ញាក់បាល់ដោយមានទំនុកចិត្ត ការបោះបាល់ និងការលេងបាល់រៀបចំក៏បានល្អដូចគ្នា ទាំងកម្លាំង និងល្បឿនពិតជាមិនចាញ់បុរសទេ។ អ្វីដែលគួរឲ្យសោកស្តាយសម្រាប់យើងនោះគឺការប្រកួតទល់គីឡូធ្ងន់ថៃ គន្ធាមិនអាចលេងបាននោះទេ ដោយសារតែគេបានកាតលឿង ២ទៅហើយ តែទោះជាយ៉ាងណាការប្រកួតជាមួយថៃគឺជាការប្រកួតបង្គ្រប់កិច្ចនោះទេ ខណៈដែលពេលនេះក្រុមនារីយើងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្ត៕
ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា បានទទួលជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសុីហ្គេម លើកទី៣២ ដែលយើងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ស្ថិតក្នុងការប្រកួតដំបូងនេះលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានដាក់កីឡាករសំខាន់ៗចូលលេងច្រើន ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ អ្នកចាំទី រ៉េត លីហេង បានក្លាយជាអ្នកចាំទីដៃទី ១ ក្នុងជំនួបដំបូងទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើតនេះ ចំណែកឯតំបន់ប្រយុទ្ធ ៣ រូបខាងលើមាន លឹម ពិសុទ្ធ សៀងចន្ធា និង គី រីណា។ ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុមជម្រើសជាតិកម្ពុជា នៅវគ្គទី ១ ដោយកីឡាករព្រះខ័នរាជស្វាយរៀង ជូ សុីនទី បានទាត់ចូល ២គ្រាប់ម្នាក់ឯង នៅនាទី ៣៩ និង នាទី ៤៧។ ចូលមកដល់វគ្គទី ២ ហាក់ដូចមិនមានអ្វីប្រែប្រួលច្រើននោះទេ ប៉ុន្តែយើងសង្កេតឃើញថាក្រុមទីម័រខាងកើតចាប់ផ្តើមក្នុងការសម្រុកមកលើក្រុមកម្ពុជា ជាងវគ្គទី ១ ចូលដល់នាទី ៦២ និងនាទី ៦៨ ការផ្លាស់ប្តូរកីឡាករ ២ រូបរបស់កម្ពុជា ធ្វើឲ្យការប្រកួតមានការប្រែប្រួលពិសេសនៅតំបន់ប្រយុទ្ធរបស់កម្ពុជា ដោយកីឡាករ ស រតនា ប្តូរចូលជំនួសកីឡាករ សុិន សុវណ្ណមករា និងកីឡាករ ឡេង ណូរ៉ា ចូលជំនួស សៀង ចន្ធា ដែលមានបញ្ហារបួសសាច់ដុំ។ ពួកគេបានបង្ហាញខ្លួនយ៉ាងល្អជាមួយនិងការសហការគ្នាជាក្រុម ធ្វើឲ្យខ្សែប្រយុទ្ធថ្មីរបស់កម្ពុជា ស រតនា ទាត់ចូលទីនៅនាទី ៧៤ ក្រោមការបញ្ជូនយ៉ាងល្អពី ឡេង ណូរ៉ា និង ការទាត់បញ្ចូលទីគ្រាប់បាល់ចុងក្រោយពី លឹម ពិសុទ្ធ បន្ទាប់ពីការបញ្ជូនពី ស រតនា ផងដែរ។ ឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តនេះកម្ពុជាបានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥ នាក់ ក្នុងនោះមាន កើត ពេជ្រ ស រតនា ឡេង ណូរ៉ា ចាន់ សារ៉ាពេជ្រ និងញាន សុសុីដាន។ កម្ពុជាក៏ទទួលបានលេខ…
ស្ថិតមកដល់ពេលនេះគឺសល់តែមួយថ្ងៃទៀតប៉ុណ្ណោះដែលក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា នឹងធ្វើការប្រកួតជាលើកដំបូងនៅព្រឹត្តិការណ៍សុីហ្គេមដែលលេងនៅដីខ្លួនឯងហើយ។ សម្រាប់បញ្ជីឈ្មោះចុងក្រោយគឺត្រូវកាត់ចេញឲ្យនៅសល់តែ ២០នាក់ ប៉ុណ្ណោះ ហើយសហព័ន្ធបាល់ទាត់កម្ពុជាក៏ហាក់ដូចជាមានភាពស្ងប់ស្ងាត់ក្នុងការបង្ហាញជាផ្លូវការផងដែរ។ តាមការលេចលឺដំណឹងមកបានឲ្យដឹងថាកីឡាករទាំង ៣រូបដែលមិនមានឈ្មោះលេងនៅសុីហ្គេមជានោះរួមមាន៖ អ្នកចាំទីរបស់បឹងកេត កយ សាលីម (តែគេនៅហ្វឹកហាត់ជាមួយក្រុម) ខ្សែការពាររបស់ភ្នំពេញក្រោន ឈុំ សុខហៃ និងខ្សែប្រយុទ្ធរបស់អគ្គិសនីកម្ពុជា ហាវ សុខនេត្រ ។ គួររំលឹកផងដែរថាសម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំយើងដំបូងនោះគឺត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិទីម័រ នាវេលាម៉ោង ៤ រសៀល នៅពហុកីឡដ្ឋានជាតិ៕
អ្នកចាំទីចាស់វស្សារបស់កម្ពុជា ស៊ូ យ៉ាទី នៅតែធ្វើបានល្អក្នុងការប្រកួតសំខាន់ៗ ជាក់ស្តែងក្នុងការប្រកួតម្សិលមិញទល់វិសាខា នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រម្សិលមិញនេះ រូបគេបានសង្គ្រោះបាល់បានចំនួន ៩លើក ហើយរក្សាសំណាញ់ទីមិនឲ្យវិសាខាទាត់ចូលតែម្តង។ ស្ថិតក្នុងការប្រកួតយប់មិញនេះរូបគេក៏ត្រូវបានរើសជាកីឡាករល្អប្រចាំការប្រកួតផងដែរ។ អ្នកចាំទីរបស់ណាហ្គាវើលដ៏រូបនេះ បានបង្ហាញខ្លួនចំនួន ៧លើកនៃពានលីគខាប់ឆ្នាំ ២០២៣ នេះ និងរបូតគ្រាប់បាល់តែ ៣គ្រាប់ប៉ុណ្ណោះ ដែលនេះជាស្ថិតិមួយដ៏ល្អ បើទោះបីវ័យរបស់គេរាងជ្រេរបន្តិចក្តី។ គួររំលឹកផងដែរថាសម្រាប់ការប្រកួតសំខាន់ៗនាពេលកន្លងមក ស៊ូ យ៉ាទី តែងតែធ្វើបានល្អជានិច្ច ជាក់ស្តែងក្នុងការប្រកួតជាមួយភ្នំពេញក្រោន និងក្រុមនគរបាលជាតិនាពេលកន្លងមកគេក៏ទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ជាតិ៕
ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគីរីវង់សុខសែនជ័យ ត្រូវជួបជាមួយភ្នំពេញក្រោន និងវិសាខា ត្រូវជួបជាមួយនឹងណាហ្គាវើលដ៏នៅសប្តាហ៍នេះ។ នេះជាលើកទី ១ ហើយសម្រាប់ប្រវត្តិសាស្រ្តក្រុមគីរីវង់សុខសែនជ័យក្នុងការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់មួយនេះ។ ទន្ទឹមនឹងភាពរីករាយនេះ ក្រុមមាន់គកដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះក៏មានបញ្ហាវិបត្តិកីឡាករផងដែរ ខណៈពួកគេត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកនៅថ្ងៃអាទិត្យនេះ។ យើងដឹងហើយថាមុននឹងឈានដល់វគ្គនេះគីរីវង់សុខសែនជ័យបានជួបប្រកួតជាមួយនឹងសមាគមកីឡាបាល់ទាត់ ខ.ភ.ម ហើយក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នាំឲ្យកីឡាករចំនួន ២ រូប មិនអាចចូលលេងបានក្នុងការប្រកួតបន្តបន្ទាប់ ដោយក្នុងនោះរួមមាន៖ ទួច ម៉ាណាន់ (អវត្តមាន ៦ ប្រកួត) ឆឹង សុខផាន្នី (២ ប្រកួត)។ ក្រៅពី ២ រូបនេះ ក៏មានកីឡាករចំនួន ២ រូបផ្សេងទៀតជាប់បម្រាមកាតលឿង ២ ដង អវត្តមាន ១ ប្រកួតផងដែរ ក្នុងនោះរួមមាន៖ ELSAYAD MAHMOUD និងកីឡាករ សំ តារា ។ បន្ថែមពីនេះទៅទៀតក៏លេចលឺដំណឹងថាកីឡាករមួយចំនួនផ្សេងទៀតក៏កំពុងតែមានបញ្ហារបួសផងដែរ។ ដូច្នេះសម្រាប់ក្រុមរបស់លោក សាប៊ូន វិនតា អាចនឹងមានភាពលំបាកខ្លាំងក្នុងការលេងជើងទី ១ ជាមួយក្រុមខ្លាំងភ្នំពេញក្រោន នាថ្ងៃអាទិត្យខាងមុខនេះ នៅទឹកដីខ្លួនឯងវេលាម៉ោង ១៥:៤៥ ៕
ក្លិបបាល់ទាត់ខេត្តកោះកុង ត្រូវបានគណៈកម្មការរៀបចំការប្រកួត ASSUMPTION COLLEGE THONBURI អញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់ CHANG INTERNATIONAL FOOTBALL 2023 (U13) នៅប្រទេសថៃ ទីក្រុងបាងកក ដែលការប្រកួតចាប់ផ្តើមពីថ្ងៃទី៤-៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។ បើតាមការលើកឡើងរបស់លោក ស៊ុំ វណ្ណា ដែលជានាយកបច្ចេកទេសក្លិបបាល់ទាត់ខេត្តកោះកុង បាននិយាយថា៖ «តាមពិតទៅខាងភាគីថៃមានបំណងក្នុងការអញ្ជើញឲ្យចូលរួមការប្រកួតពានរង្វាន់មួយនេះយូរហើយ ប៉ុន្តែក្លិបមិនទាន់មានក្រុមឈុតនេះទេ គឺមានតែក្រុមអាយុក្រោម ១៥ឆ្នាំ ប៉ុន្តែថ្មីៗនេះពេលខ្ញុំមកដល់ក៏រៀបចំជ្រើសរើសក្រុមនេះមក»។ សូមបញ្ជាក់ដែលថាការប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៣ឆ្នាំនេះ មានការចូលរួមពីក្រុមចំនួន ៦ មកពី ៤ប្រទេសផ្សេងៗគ្នា ដែលក្នុងនោះរួមមាន៖ ៣ ក្រុមមកពីប្រទេសថៃម្ចាស់ផ្ទះ ASSUMPTION UNITED, MUANGTHONG UNITED, ThaiBev Football Academy ក្រុមខេត្តកោះកុងរបស់កម្ពុជាយើង ក្រុម CKH FC មកពីប្រទេសកូរ៉េ ក្រុម VIENTIAEN FT) មកពីប្រទេសឡាវ គួររំលឹកផងដែរថានេះគឺជាលើកទីមួយហើយដែលយុវជនក្លិបខេត្តកោះកុងបានធ្វើដំណើរទៅប្រកួតនៅក្រៅប្រទេសនេះ យើងសង្ឃឹមថានេះគឺជាមោទកភាពមួយសម្រាប់ប្រជាជនខេត្តកោះកុង ព្រោះយុវជនភាគច្រើនគឺជាកីឡាករដែលមានស្រុកកំណើតនៅទីនោះផ្ទាល់តែម្តង៕
ជាការវិវឌ្ឍន៍ខ្លួនថ្មីបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងបាល់ទាត់នៃពានរង្វាន់ក្នុងស្រុក ដោយនៅព្រឹកនេះទទួលបានដំណឹងថាការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអនុញ្ញាត្តិឲ្យមានកីឡាករបរទេសចូលរួម ចាប់ពីរដូវកាលនេះតទៅ។ ការពីព្រឹកមិញនេះគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជួបប្រជុំពិក្សាគ្នាជុំវិញនឹងការប្រកួតប្រជែងនៅឆ្នាំនេះ ហើយក៏មានការលើកឡើងអំពីការចូលរួមរបស់កីឡាករបរទេសផងដែរ។ ដើម្បីឲ្យមានការប្រកួតប្រជែងកាន់តែខ្ពស់សម្រាប់ពានរង្វាន់នេះ កីឡាករបរទេសអាចចូលរួមលេងបានចាប់ពីេដូវកាលថ្មីនេះតទៅហើយ ដោយក្លិបនីមួយៗអាចចុះឈ្មោះពួកគេបានដល់ទៅ ៦នាក់ ហើយនៅថ្ងៃប្រកួតកំណត់យកត្រឹម ៤នាក់ចូលលេង ដោយ ៣នាក់ ជាកីឡាករបរទេសមកពីក្រៅទ្វីបអាសុី នឹង ម្នាក់ទៀតគឺកីឡាករក្នុងតំបន់អាសុីផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថានេះគឺជាជំហានថ្មីមួយទៀតក្នុងការប្រកួតប្រជែងពានរង្វាន់សម្តេច យើងសង្ឃឹមថាការប្រកួតប្រជែងកាន់តែខ្ពស់ ក៏ដូចជាអាចឲ្យកីឡាករក្នុងស្រុកយើងវិវឌ្ឍន៍ខ្លួនកាន់តែប្រសើរផងដែរ។ ទន្ទឹមនិងនេះក៏មានភាពអវិជ្ជមានផងដែរ ជុំវិញនឹងការមិនសូវបានបង្ហាញខ្លួនរបស់យុវជន ក៏ដូចជាកីឡាករក្នុងស្រុកនៅតួនាទីដែលសំខាន់ៗ ស្របតាមការចង់បានរបស់ក្រុមជម្រើសជាតិកម្ពុជា។
ជាការបោះជំហានថ្មីបន្ថែមទៀតសម្រាប់ក្លិបអង្គរថាយហ្គឺរ ដែលជាក្លិបបាល់ទាត់មានអ្នកគាំទ្រច្រើនជាងគេនៅខេត្តសៀមរាប ដោយការពីម្សិលមិញនេះលោកប្រធានក្លិប Akihiro Kato បានបង្ហោះលើបណ្តាញសង្គមរបស់លោកថា លោកបានសម្រេចទិញដីមួយកន្លែងចំនួន ៥ ហិចតា ដើម្បីត្រៀមរៀបចំកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផ្ទាល់តែម្តង។ កីឡដ្ឋានថ្មីរបស់អង្គរថាយហ្គឺរ គឺមានទីតាំងនៅជាយក្រុងសៀមរាប ដែលចំណាយពេលត្រឹមតែ ១៥នាទីប៉ុណ្ណោះពីទីរួមខេត្ត។ គួររំលឹកផងដែរថាសម្រាប់កីឡដ្ឋានរបស់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះគឺលោក Akihiro Kato ក៏ធ្លាប់បង្ហាញពីប្លង់រួមផងដែរ ដោយមានគ្រប់បែបយ៉ាងតែម្តងនៅជុំវិញនោះរួមមាន៖ លំនៅដ្ឋានប្រមាណ ១២០០ផ្ទះ និងមានជាប្រភេទផ្ទះវីឡា ផ្សារទំនើប សួនកម្សាន្ត មន្ទីពេទ្យ និងតារាងបាល់ទាត់ហ្វូតសាលផងដែរ។ គួររំលឹកផងដែរថានេះគឺជាភាពរីករាយមួយសម្រាប់អ្នកគាំទ្រក្លិបអង្គរថាយហ្គឺរ ក៏ដូចជាទំនុកចិត្តបន្ថែមទៀតផងដែរ អំពីវឌ្ឍនភាពរបស់ក្លិបដើម្បីឈានទៅរកភាពអាជីពមួយកម្រិតទៀតបន្ទាប់ពីការប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជាតាំងពីឆ្នាំ ២០១៥ មក៕
ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ បានដំណើរការទៅ ៤ សប្តាហ៍កន្លងមកហើយ ដោយឆ្លងកាត់ការប្រកួតប្រជែងយ៉ាងជក់ចិត្តសម្រាប់រដូវកាលនេះ ។ នៅក្នុងសប្តាហ៍នេះការប្រកួតមានគ្រាប់បាល់ច្រើនៗ ចំនួន ២ ប្រកួតពោលគឺការប្រកួតរវាងភ្នំពេញក្រោន និងអង្គរថាយហ្គឺរ មានគ្រាប់បាល់ចំនួន ៩ គ្រាប់ និងការប្រកួតរវាងក្រុមខេត្តព្រៃវែង និងអគ្គិសនីកម្ពុជា មានគ្រាប់បាល់ដល់ទៅ ៧ គ្រាប់។ ភ្នំពេញក្រោនធ្វើបានល្អមែនទែនសម្រាប់សប្តាហ៍នេះ ដោយប្រើពេលត្រឹមវគ្គទី ១ ប៉ុណ្ណោះរកបាន ៨ គ្រាប់លើអង្គរថាយហ្គឺរ ហើយជាលទ្ធផលចុងក្រោយគឺឈ្នះ ៨ ទល់ ១ ។ ចំនែកឯក្រុមខេត្តព្រៃវែងវិញ បន្ទាប់ពីកីឡាករបរទេស ៤ រូបចូលជួយក្រុមមក គឺបានលត់ក្រុមជើងឯកលីគទី ២ យ៉ាងចាស់ដៃជាមួយលទ្ធផល ៧ ទល់ ០ នៅកីឡដ្ឋានខេត្តព្រៃវែង។ ប្រាក់ ធីវ៉ា គឺជាកីឡាករកម្ពុជាមួយរូបដែលអាចរកគ្រាប់បាល់បាន ៣ គ្រាប់ក្នុងមួយប្រកួតដំបូងគេនៃពានលីគខាប់ឆ្នាំនេះ ហើយនៅសប្តាហ៍នេះក៏មិនមានកីឡាករណាធ្វើបានដូចគេដែរ។ គូពិសេសប្រចាំថ្ងៃសៅរ៍ រវាងព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ បានត្រឹមម្នាក់ ១ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលទ្ធផលគឺ ០ ទល់ ០ នៅកីឡដ្ឋានស្តាតចាស់។ រីឯគូពិសេសនៅថ្ងៃអាទិត្យវិញ កាន់តែជក់ចិត្តគឺ ការប៉ះគ្នារវាងបឹងកេត និងក្រសួងការពារជាតិ ដែលមានគ្រាប់បាល់កើតឡើងដល់ទៅ ៧ គ្រាប់ ជាមួយនឹងការត្រលប់មកចូលរួមសារជាថ្មីរបស់ ចាន់ វឌ្ឍនាការ ហើយគេក៏អាចជួយក្រុមឲ្យទទួលបានជ័យជម្នះផងដែរ។ ការវិញត្រលប់របស់គេដោយប្តូរចូលនៅនាទីទី ៦៣ ហើយរូបគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់គ្រាប់ជ័យជម្នះលើក្រសួងការពារជាតិជាមួយលទ្ធផល ៤ ទល់ ៣។ សម្រាប់ការប្រកួតដែលមានអ្នកទស្សនាច្រើនជាងគេនៅសប្តាហ៍នេះគឺជាការប្រកួតរវាងវិសាខា និងគីរីវង់សុខសែនជ័យ មានចំនួន ១០៨១ នាក់ ហើយក្នុងការប្រកួតនេះដែលក៏ជាការប្រកួតដែលគីរីវង់ចាញ់ជាលើកដំបូងផងដែរ ក្នុងការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ ជាមួយលទ្ធផល ២ ទល់ ០។ ការប្រកួតកាន់តែជក់ចិត្តពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ខណៈដែលក្រុមមួយចំនួនបានផ្តល់ពេលវេលាឲ្យយុវជនបានប្រកួតប្រជែងច្រើនសម្រាប់ពានរង្វាន់មួយនេះ៕
ក្លិបបាល់ទាត់បាត់ដំបង ជាក្លិបមួយដែលបង្កើតឡើងពីការលេងបាល់ពាក់កណ្តាលអាជីពធម្មតា រហូតដល់មានបំណងក្នុងការលេងតំណាងឲ្យខេត្តបាត់ដំបង។ ក្លិបបាល់ទាត់បាត់ដំបង កើតចេញមកពីក្លិបគង់វង្សគ្លីនិច នៅឆ្នាំ ២០១៥ ក្រោមគំនិតផ្តួចផ្តើមរបស់លោក គង់ សាវង្ស ដែលជាម្ចាស់គ្លីនិចផ្ទាល់តែម្តង។ ឆ្លងកាត់ការប្រកួតប្រជែងជាច្រើនក្នុងខេត្ត ក៏ដូចជាមើលឃើញថាខេត្តបាត់ដំបងជាខេត្តមួយដ៏ធំ ប៉ុន្តែវិស័យបាល់ទាត់មិនទាន់មានក្រុមណាមួយដែលតំណាងឲ្យខេត្តនោះលោកវេជ្ជបណ្ឌិត គង់ សាវង្ស ក៏ចាប់ផ្តើមមានគំនិតក្នុងការបង្កើតក្រុមដោយផ្ទាល់។ សម្រាប់ក្រុមកីឡាករភាគច្រើនគឺផ្តោតសំខាន់លើអ្នកខេត្តបាត់ដំបងផ្ទាល់តែម្តង ហើយនៅពេលនេះក្លិបក៏មានធនធានកីឡាករក្មេងៗមួយចំនួនផងដែរ ដោយពួកគេលេងក្នុងឈុត U18 របស់ក្លិប។ លោក គង់ សាវង្ស ធ្លាប់បានបញ្ជាក់ថាជាជំហានដំបូងលោកចង់សាងថ្នាលយុវជនសិន ហើយលោកក៏មានបំណងក្នុងការចូលរួមលេងលីគទី ២ តំណាងឲ្យខេត្តផងដែរ។ បន្ថែមពីនេះទៅទៀតលោកក៏បានបង្ហាញពីក្តីស្រម៉ៃរបស់លោកគឺ ចង់នាំក្លិបបាល់ទាត់បាត់ដំបង លេងពានរង្វាន់លីគកំពូលកម្ពុជា ព្រោះលោកយល់ថាបាត់ដំបងជាខេត្តដែលធំ មានប្រជាជនច្រើន សក្តានុពលសេដ្ឋកិច្ចក៏ធំ ហើយអ្វីដែលសំខាន់នោះគឺចង់ឲ្យខេត្តមានមុខមាត់ល្បីល្បាយក្នុងវិស័យបាល់ទាត់ដូចខេត្តផ្សេងៗដែរ។ លោកវេជ្ជបណ្ឌិតក៏បង្ហាញពីការបើកចិត្តសម្រាប់ការសហការណាមួយដែលមានបំណងចង់ចូលរួមជាមួយក្លិបបាត់ដំបងផងដែរ ព្រោះជាគោលបំណងចំបងគឺអភិវឌ្ឍន៍ធនធានកីឡានៅខេត្តបាត់ដំបង និងកីឡាជាតិ៕
News
Company
Services
Subscribe to Updates
Get the latest creative news from FooBar about art, design and business.