ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនហាក់ដូចជាចាប់ផ្តើមមិនសូវបានល្អសម្រាប់ការប្រកួតប្រជែងពានរង្វាន់លីគកំពូលកម្ពុជានៅរដូវកាលថ្មីនេះ ដោយប្រកួតចំនួន ៨លើក មានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះ។ លោក Oleg Starynskyi គ្រូបង្វឹករបស់សិង្ហក្រហម បាននិយាយអំពីបញ្ហាទាំងនេះយ៉ាងដូច្នេះថា៖ ««ការលេងរបស់យើងនៅឆ្នាំនេះមានភាពរីកចម្រើនច្រើន បើធៀបទៅឆ្នាំមុន។ គិតមកទល់ពេលនេះកីឡាករយើងមិនទាន់បានលេងជុំគ្នា (Full Squad) នៅឡើយទេ កីឡាករយើងមានបញ្ហារបួសជាបន្តបន្ទាប់ ដូចជាពិសុទ្ធ Yudai ប៉ូលីន និងថ្មីៗនេះ Valerii ទៀត។»
ទោះជាយ៉ាងណាក៏ដោយលោកនៅតែមានជំនឿចិត្ត ក្នុងការប្រកួតប្រជែងនៅការប្រកួតក្រោយៗទៀត ដោយបានលើកឡើងថា៖ «នៅពេលនេះយើងកំពុងតែផ្តោតអារម្មណ៍លើការប្រកួតបន្តបន្ទាប់ យើងត្រូវតែយកពិន្ទុឲ្យបានដើម្បីលេងក្នុងវគ្គ ៤ក្រុមចុងក្រោយ។ យើងនៅតែប្រឹងប្រែងដើម្បីពាន ព្រោះវាមិនទាន់ហួសពេលទេ វាគ្រាន់តែលំបាកបន្តិចសម្រាប់យើង។ ការប្រកួតក្នុងលីគមានការប្រកួតប្រជែងខ្លាំង គូរប្រកួតរបស់យើងនឹងត្រូវជួបគ្នា ពួកគេប្រាកដជាបាត់បង់ពិន្ទុ។ សម្រាប់យើង ជារឿងសំខាន់ក្នុងការប្រជែងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ។»
គួររំលឹកផងដែរថានៅថ្ងៃទី៩ ខាងមុខនេះភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន Smart RSN របស់ខ្លួនដើម្បីប្រកួតជាមួយអង្គរថាយហ្គឺរ៕