ការប្រកួតពានរង្វាន់លីគខាប់ឆ្នាំ ២០២៣ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយគីរីវង់សុខសែនជ័យ ត្រូវជួបជាមួយភ្នំពេញក្រោន និងវិសាខា ត្រូវជួបជាមួយនឹងណាហ្គាវើលដ៏នៅសប្តាហ៍នេះ។

នេះជាលើកទី ១ ហើយសម្រាប់ប្រវត្តិសាស្រ្តក្រុមគីរីវង់សុខសែនជ័យក្នុងការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់មួយនេះ។ ទន្ទឹមនឹងភាពរីករាយនេះ ក្រុមមាន់គកដែលមានមូលដ្ឋាននៅខេត្តតាកែវមួយនេះក៏មានបញ្ហាវិបត្តិកីឡាករផងដែរ ខណៈពួកគេត្រូវជួបជាមួយក្រុមការពារតំណែងជើងឯកនៅថ្ងៃអាទិត្យនេះ។

យើងដឹងហើយថាមុននឹងឈានដល់វគ្គនេះគីរីវង់សុខសែនជ័យបានជួបប្រកួតជាមួយនឹងសមាគមកីឡាបាល់ទាត់ ខ.ភ.ម ហើយក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង នាំឲ្យកីឡាករចំនួន ២ រូប មិនអាចចូលលេងបានក្នុងការប្រកួតបន្តបន្ទាប់ ដោយក្នុងនោះរួមមាន៖ ទួច ម៉ាណាន់ (អវត្តមាន ៦ ប្រកួត) ឆឹង សុខផាន្នី (២ ប្រកួត)។

ក្រៅពី ២ រូបនេះ ក៏មានកីឡាករចំនួន ២ រូបផ្សេងទៀតជាប់បម្រាមកាតលឿង ២ ដង អវត្តមាន ១ ប្រកួតផងដែរ ក្នុងនោះរួមមាន៖ ELSAYAD MAHMOUD និងកីឡាករ សំ តារា ។ បន្ថែមពីនេះទៅទៀតក៏លេចលឺដំណឹងថាកីឡាករមួយចំនួនផ្សេងទៀតក៏កំពុងតែមានបញ្ហារបួសផងដែរ។

ដូច្នេះសម្រាប់ក្រុមរបស់លោក សាប៊ូន វិនតា អាចនឹងមានភាពលំបាកខ្លាំងក្នុងការលេងជើងទី ១ ជាមួយក្រុមខ្លាំងភ្នំពេញក្រោន នាថ្ងៃអាទិត្យខាងមុខនេះ នៅទឹកដីខ្លួនឯងវេលាម៉ោង ១៥:៤៥ ៕

 

Share.

Comments are closed.

Exit mobile version