កីឡាការិនី ពឿន គន្ធា ធ្វើបានល្អខ្លាំងសម្រាប់ ២ ប្រកួតដំបូងនៃវគ្គចែកពូល ទាំងការសហការជាក្រុម និងការលេងរបស់ខ្លួនផ្ទាល់តែម្តង តែសោកស្តាយការប្រកួតក្រោយរូបគេមិនអាចលេងបានដោយសារតែកាតលឿង ២ ត្រូវជាប់បម្រាមហើយ។


កីឡាការិនីមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ ដំបូងឡើយលេងក្នុងតួនាទីជាខ្សែប្រយុទ្ធទេ តែពេលទៅបោះជំរុំហ្វឹកហាត់នៅប្រទេសចិនរយៈពេល ៦ ខែ បែរជាត្រលប់មកវិញ លោកគ្រូចិន បានផ្លាស់ប្តូរគេមកលេងនៅតំបន់ការពារខាងឆ្វេង។


ឆ្លងកាត់ការប្រកួត ២លើកមកនេះ រូបគេគឺជាកម្លាំងស្នូលដ៏សំខាន់ ១ របស់ក្រុមនារីកម្ពុជា ខណៈការប្រកួតយប់មិញនេះគេត្រូវបានគ្រូផ្លាស់ប្តូរតួនាទីលេងជាច្រើនលើកច្រើនសារ ពោលគឺដំបូងការពារ បន្ទាប់មកបម្រើកណ្តាល និងចុងក្រោយប្រយុទ្ធស្លាប។
គុណភាពនៃការលេង ១ទល់១ របស់គេល្អណាស់ ញាក់បាល់ដោយមានទំនុកចិត្ត ការបោះបាល់ និងការលេងបាល់រៀបចំក៏បានល្អដូចគ្នា ទាំងកម្លាំង និងល្បឿនពិតជាមិនចាញ់បុរសទេ។

អ្វីដែលគួរឲ្យសោកស្តាយសម្រាប់យើងនោះគឺការប្រកួតទល់គីឡូធ្ងន់ថៃ គន្ធាមិនអាចលេងបាននោះទេ ដោយសារតែគេបានកាតលឿង ២ទៅហើយ តែទោះជាយ៉ាងណាការប្រកួតជាមួយថៃគឺជាការប្រកួតបង្គ្រប់កិច្ចនោះទេ ខណៈដែលពេលនេះក្រុមនារីយើងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងហើយក្នុងប្រវត្តិសាស្រ្ត៕

Share.

Comments are closed.

Exit mobile version