ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំ កម្ពុជា បានទទួលជ័យជម្នះលើកដំបូងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសុីហ្គេម លើកទី៣២ ដែលយើងរៀបចំធ្វើជាម្ចាស់ផ្ទះ។ ស្ថិតក្នុងការប្រកួតដំបូងនេះលោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានដាក់កីឡាករសំខាន់ៗចូលលេងច្រើន ហើយអ្វីដែលចាប់អារម្មណ៍នោះគឺ អ្នកចាំទី រ៉េត លីហេង បានក្លាយជាអ្នកចាំទីដៃទី ១ ក្នុងជំនួបដំបូងទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើតនេះ ចំណែកឯតំបន់ប្រយុទ្ធ ៣ រូបខាងលើមាន លឹម ពិសុទ្ធ សៀងចន្ធា និង គី រីណា។

 

ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុមជម្រើសជាតិកម្ពុជា នៅវគ្គទី ១ ដោយកីឡាករព្រះខ័នរាជស្វាយរៀង ជូ សុីនទី បានទាត់ចូល ២គ្រាប់ម្នាក់ឯង នៅនាទី ៣៩ និង នាទី ៤៧។

ចូលមកដល់វគ្គទី ២ ហាក់ដូចមិនមានអ្វីប្រែប្រួលច្រើននោះទេ ប៉ុន្តែយើងសង្កេតឃើញថាក្រុមទីម័រខាងកើតចាប់ផ្តើមក្នុងការសម្រុកមកលើក្រុមកម្ពុជា ជាងវគ្គទី ១ ចូលដល់នាទី ៦២ និងនាទី ៦៨ ការផ្លាស់ប្តូរកីឡាករ ២ រូបរបស់កម្ពុជា ធ្វើឲ្យការប្រកួតមានការប្រែប្រួលពិសេសនៅតំបន់ប្រយុទ្ធរបស់កម្ពុជា ដោយកីឡាករ ស រតនា ប្តូរចូលជំនួសកីឡាករ សុិន សុវណ្ណមករា និងកីឡាករ ឡេង ណូរ៉ា ចូលជំនួស សៀង ចន្ធា ដែលមានបញ្ហារបួសសាច់ដុំ។ ពួកគេបានបង្ហាញខ្លួនយ៉ាងល្អជាមួយនិងការសហការគ្នាជាក្រុម ធ្វើឲ្យខ្សែប្រយុទ្ធថ្មីរបស់កម្ពុជា ស រតនា ទាត់ចូលទីនៅនាទី ៧៤ ក្រោមការបញ្ជូនយ៉ាងល្អពី ឡេង ណូរ៉ា និង ការទាត់បញ្ចូលទីគ្រាប់បាល់ចុងក្រោយពី លឹម ពិសុទ្ធ បន្ទាប់ពីការបញ្ជូនពី ស រតនា ផងដែរ។

ឆ្លងកាត់ការប្រកួតដ៏ជក់ចិត្តនេះកម្ពុជាបានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ៥ នាក់ ក្នុងនោះមាន កើត ពេជ្រ ស រតនា ឡេង ណូរ៉ា ចាន់ សារ៉ាពេជ្រ និងញាន សុសុីដាន។ កម្ពុជាក៏ទទួលបានលេខ ១ បណ្តោះអាសន្នផងដែរ សម្រាប់តារាងពិន្ទុនៃពូល A បន្ទាប់ពីគ្រាប់បាល់ទាត់ចូលគូប្រកួតដល់ទៅ ៤គ្រាប់នេះ៕

Share.

Comments are closed.

Exit mobile version