សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ២៣នាក់ជាផ្លវការ ដើម្បីត្រៀមប្រកួតជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅខែមិថុនា ខាងមុខ។

បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយជាផ្លូវការ មកពីក្លិប ៧ផ្សេងគ្នាទាំងនៅលីគកំពូលកម្ពុជា និងលីគកំពូលម៉ាឡេស៊ី។

អ្វីដែលជាការចាប់អារម្មណ៍នោះ កីឡាករថ្មី ១រូបចុងក្រោយ ប្រាក់ ធីវ៉ា ក៏មានឈ្មោះក្នុងបញ្ជីផងដែរ។ ចំពោះកីឡាករដែលត្រូវបានជម្រុះចេញមាន ៥នាក់ រួមមាន ប្រាក់ មុន្នីឧត្តម, មិន រតនៈ, គី រីណា, សឿត ណាវ៉ា និងជា សុខម៉េង។

ការប្រកាសនេះគឺមុនការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំជាមួយ ទីម័រខាងកើត នៅថ្ងៃទី០២ ខែមិថុនា នេះ នាវេលាម៉ោង ៧យប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈនៅវគ្គនេះមានទាំងអស់ ៦ពូល ក្នុង ១ពូលមាន ៤ក្រុម។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ ដើម្បីរកក្រុមលេខ១ ក្នុងពូលនីមួយៗឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលជាប្រកួតផ្លូវការនៅប្រទេសចិន នាឆ្នាំ២០២៣។ ដោយឡែកក្រុមលេខ២ ប្រចាំពូលនីមួយៗត្រូវរង់ចាំអ៊ុតជាមួយពូលផ្សេងៗទៀតដើម្បីទូទាត់ពិន្ទុគ្នា យកតែ ៥ក្រុមដែលមានពិន្ទុច្រើនជាងគេប៉ុណ្ណោះឡើងទៅជុំផ្ដាច់ព្រ័ត្រ ដើម្បីទៅប្រកួតជាមួយក្រុមដែលអង្គុយរង់ចាំរួចជាស្រេចដូចជា ចិន, ជប៉ុន, ស៊ីរី, កាតា, កូរ៉េខាងត្បូង, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប់រួម, អារ៉ាប់ប៊ីសាវឌីត, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕

អត្ថបទ៖ មន្នីរ័ត្ន

Share.

Comments are closed.

Exit mobile version