គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើត លោក Fábio Joaquim Maciel da Silva  បានដាក់ក្ដីរំពឹងថាកម្ពុជា នឹងលេងដាក់សម្ពាធមកលើក្រុមរបស់លោកខ្លាំង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលបានធ្វើឡើងនាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ុន្តែការពិតបែរជាខុសស្រឡះទៅវិញ។

ក្នុងការប្រកួតនេះ ទីម័រខាងកើត បានគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា ស្ទើរតែទាំង ២វគ្គ និងជាពិសេសទៅទៀតមានឱកាសទាត់ចូលកម្ពុជា មុននៅនាទី២១ ដោយកីឡាករចំនូលថ្មីរបស់អង្គរថាយហ្គឺរ Mouzinho Barreto de Lima។ ក្រោយមកទៀតទើបកម្ពុជា រកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ ខណៈនៅវគ្គទី២ ទីម័រខាងកើត ក៏គ្រប់គ្រងបាល់បានច្រើនដូចគ្នា ប៉ុន្តែចុងក្រោយ កម្ពុជា បានទាត់ចូលគ្រាប់បាល់ជ័យជម្នះនៅនាទី៨៤ ដោយកីឡាករ ជួន ចាន់ចាវ នាំឲ្យលទ្ធផលផ្លូវការ កម្ពុជា ២ ទីម័រខាងកើត ១។

ថ្លែងក្រោយចប់ការប្រកួត លោក Fábio da Silva បាននិយាយដូច្នេះថា៖ «មុនការប្រកួត នៅពេលដែលយើងនៅប្រទេសកាតា និងការត្រៀមខ្លួនរបស់យើង យើងបានរៀបចំតាក់ទិចសម្រាប់ក្រុមយើង។ ខ្ញុំរំពឹងថាកម្ពុជា នឹងលេងដោយដាក់សម្ពាធមកលើយើង ធ្វើឲ្យការប្រកួតកាន់តែពិបាក ប៉ុន្តែបាល់ទាត់គឺដូច្នេះឯង ពួកគេសម្រេចការពារ ទម្លាក់បិទ និងទាញយកឱកាសពីកំហុសរបស់យើង ហើយដោយសារកំហុសរបស់យើង ពួកគេអាចរកគ្រាប់បាល់ នេះគឺជាបាល់ទាត់»

«អ្វីដែលខ្ញុំចង់និយាយ នេះគឺជាការប្រកួតដ៏ល្អ ការប្រកួតដែលមានភាពទាក់ទាញដែលយើង ខ្ញុំអបអរដល់ក្រុមរបស់ខ្ញុំទោះបីយើងចាញ់ក៏ដោយ របៀបដែលយើងលេងគឺប្រៀបដូចជាយើងកំពុងលេងក្នុងដីរបស់ខ្លួន យើងគ្រប់គ្រងការប្រកួតស្ទើរតែទាំងអស់ ហើយយើងក៏ខកខានឱកាសមួយចំនួន ដែលនាំឲ្យយើងរបូតគ្រាប់បាល់ ២គ្រាប់ វាកើតឡើងដោយសារកំហុសរបស់យើង មិនមែនបង្កើតឡើងដោយកម្ពុជានោះទេ តែខ្ញុំរីករាយជាមួយក្រុមរបស់ខ្ញុំ»

គ្រូបង្វឹកសញ្ជាតិប្រេស៊ីល រូបនេះបានបន្ថែមថា ៖«ខ្ញុំពិតជារីករាយជាមួយរបៀបដែលយើងរក្សាការគ្រប់គ្រងបាល់ សម្រាប់ការទាត់បញ្ចូលទី យើងខកខានបន្តិចបន្តួចនូវភាពឃ្លៀវក្លានៅឱកាសចុងក្រោយ ពីព្រោះកម្ពុជាពិតជាកៀកៗមែនទែន ព្រោះពួកគេបិទកម្ពុជា ប៉ុន្តែខ្ញុំរីករាយជាមួយអ្វីដែលខ្ញុំបានឃើញ។ ថ្ងៃនេះយើងបង្ហាញថា យើងមកទីនេះដើម្បីលេងបាល់ ខ្ញុំឃើញក្រុមតែម្ខាងប៉ុណ្ណះលេងបាល់ថ្ងៃនេះ ដោយព្យាយាមដើម្បីរកលទ្ធផល ពិតណាស់កម្ពុជា ទទួលបានលទ្ធផល ២១ ប៉ុន្តែមិនមែនជាអ្វីដែលយើងចង់បាននោះទេ ប៉ុន្តែដោយសារកំហុសរបស់យើង យើងអនុញ្ញាតឲ្យគេរកបានពីរគ្រាប់ ប៉ុន្តែយើងមកទីនេះ ហើយរីករាយជាមួយអ្វីដែលខ្ញុំបានឃើញ ក្រុមរបស់យើងនឹងមានអនាគតអស្ចារ្យនាពេលដ៏ខ្លីខាងមុខ»

Share.

Comments are closed.

Exit mobile version