ក្រុមជម្រើសជាតិកង់ភ្នំកម្ពុជា ដណ្ដើមបានពានរង្វាន់ចំនួន៩ ពីការប្រកួតជើងឯកថ្នាក់ជាតិរបស់ថៃ ‘Thailand National Championships 2022’ នៅខេត្តចាន់ថាបុរី កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២។

ការទៅចូលរួមនេះ គឺដោយសារកម្ពុជា បានបង្កភាពភ្ញាក់ផ្អើលពីភាពលេខធ្លោរបស់ខ្លួន ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម រហូតដល់សហព័ន្ធកង់ថៃ បានអញ្ជើញទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិរបស់ខ្លួន ខណៈប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ក៏គ្រោងនឹងអញ្ជើញក្រុមកង់កម្ពុជា ចូលរួមទៀតផងដែរ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ក្រុមកង់ភ្នំកម្ពុជា ដែលដណ្តើមបានពានសរុបចំនួន ៩គ្រឿង ក្នុងការប្រកួតជើងឯកថ្នាក់ជាតិរបស់ប្រទេសថៃ គឺជាការចូលរួមបង្កើនបទពិសោធន៍យ៉ាងល្អ ដើម្បីត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ «ក្រុមយុវជនកង់ភ្នំកម្ពុជា មានកម្លាំងល្អ ប៉ុន្តែខ្វះបទពិសោធន៍ប្រកួតលក្ខណៈអន្តរជាតិ ដូច្នេះការចូលរួមប្រកួតនៅថៃនេះ គឺជាការជំរុញឲ្យពួកគាត់មានបទពិសោធន៍ប្រកួតអន្តរជាតិ កាន់តែច្រើនបន្ថែមទៀត ដើម្បីបោះជំហានឲ្យកាន់តែកៀកនឹងកម្រិតមេដាយ នៃស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»

នាពេលខាងមុខ មុនពេលស៊ីហ្គេមនៅកម្ពុជា ក្រុមកង់កម្ពុជា នឹងអាចចេញទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដើម្បីទទួលបានបទពិសោធន៍កាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រឹងគុណភាពសិទ្ធផល ឆ្ពោះទៅដណ្តើមមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ 

ចូលរួមប្រកួតលើវិញ្ញាសាកង់ភ្នំ ក្នុងព្រឹត្តិការណ៍ប្រកួត Thailand National Championships 2022 នៅខេត្តចាន់ថាបុរី ក្រុមកីឡាកង់កម្ពុជា ឈ្នះបានរួមមាន៖ ១.វិញ្ញាសាបុរស (Men junior Under 19) កីឡាករ ឃឹម ម៉េងឡុង ចំណាត់ថ្នាក់លេខ១, កីឡាករ ក្រួច វ៉ា ចំណាត់ថ្នាក់លេខ៥។ ២. វិញ្ញាសាបុរស (Men Under 23) កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ២។ ៣. វិញ្ញាសាបុរស (Men Elite) កីឡាករ ហួត លយរស្មី ចំណាត់ថ្នាក់លេខ២, កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៣។ ៤. វិញាសាបុរស (Men Master) កីឡាករ Pierre yves Catry ចំណាត់ថ្នាក់លេខ១។ ៥. វិញ្ញាសានារី (Women Under 19) កីឡាការិនី យត់ កន្និកា ចំណាត់ថ្នាក់លេខ៣។ ៦. វិញ្ញាសានារី (Women Under 23) កីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ៣។ ៧. វិញ្ញាសានារី (Women Elite) កីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ៥។ ជាលទ្ធផលក្រុមកីឡាករទោចក្រយានកម្ពុជា ទទួលបានពានសរុបចំនួន ៩គ្រឿង៕

Share.

Comments are closed.

Exit mobile version