នាល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការត្រៀមកញ្ចប់ទឹកប្រាក់ ១៦ម៊ឺនដុល្លាអាមេរិក ដល់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការចេញទៅប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី វគ្គជម្រុះ (AFC Asian Cup 2023 Qulification) នៅប្រទេសឥណ្ឌា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួតនៅប្រទេសឥណ្ឌានេះដែលរួមមានទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ ហើយអ្វីដែលពិសេសនោះគឺនឹងទទួលបាន ១២មុឺនដុល្លា បន្ថែម (120,000 USD) ប្រសិនបើអាចនាំក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រ តាមរយៈការប្រកួតឆ្លងវគ្គជម្រុះចុងក្រោយនេះ។

សូមបញ្ជាក់ជាថ្មីថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D នៅប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ថ្ងៃទី០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០នាទីល្ងាច។ ថ្ងៃទី១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០នាទីយប់៕

Share.

Comments are closed.

Exit mobile version