ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរដល់ប្រទេសឥណ្ឌាហើយ តាំងពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីត្រៀមប្រកួតក្នុងពានរង្វាន់ ជម្រុះជើងឯកអាស៊ី AFC Asian Cup Qualifiers ជុំចុងក្រោយ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ក្រោយទៅដល់ប្រទេសឥណ្ឌា លោក ភា សុភ័ក្ត្រា ដែលជាគ្រូជំនួយក្រុមជម្រើសជាតិ បានបង្ហើបឱ្យដឹងថា កម្ពុជាបានព្យាយាមផ្លាស់ប្ដូរយុទ្ធសាស្ត្រមួយចំនួនសម្រាប់ការប្រកួតនៅទីនោះ និងចង់បានស្ថិតិថ្មីដែលល្អបំផុតសម្រាប់ក្រុម។ 

លោក ភា សុភ័ក្ត្រា និយាយដូច្នេះថា៖ «យើងមកលើកនេះគឺប្រមូលអារម្មណ៍សម្រាប់ការប្រកួត ដោយចង់បានសាងស្នាដៃ និងកំណត់ស្ថិតិដែលល្អបំផុត ជាមួយពាននៅឥណ្ឌាលើកនេះ (AFC Asian Cup)» 

គ្រូជំនួយវ័យ ៤០ឆ្នាំរូបនេះបានសង្គត់ធ្ងន់ទៀតថា៖ «សម្រាប់វគ្គជម្រុះ ទាំងកីឡាករ ទាំងអីគឺបានតាំងចិត្ត មុននឹងយើងចេញដំណើរមកគឺបានតាំងចិត្តទាំងអស់គ្នាទាំងលោកគ្រូធំ លោក Keisuke នឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ហើយជាពិសេសយើងបានព្យាយាមនូវការផ្លាស់ប្ដូរតាក់ទិចមួយចំនួនធ្វើការប្រកួតលើកនេះ។»

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ នឹងចាប់ផ្ដើមបេសកកម្មការប្រកួតជម្រុះជើងឯកទ្វីបអាស៊ី (AFC Asian Cup) ជុំចុងក្រោយ ក្នុងពូល D លើទឹកដីកណ្ដាលនៃប្រទេសឥណ្ឌា ដោយកម្ពុជា រួមពូលជាមួយម្ចាស់ផ្ទះឥណ្ឌា, អាហ្វហ្គានីស្ថាន និងហុងកុង ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ប្រកួតតែមួយជុំប៉ុណ្ណោះ។

ថ្ងៃទី០៨ កម្ពុជា ជួបជាមួយ ម្ចាស់ផ្ទះ ឥណ្ឌា វេលាម៉ោង ៥:៣០នាទីល្ងាច។ ថ្ងៃទី១១ កម្ពុជា ជួប ហុងកុង នៅវេលាម៉ោង ៥:៣០នាទីល្ងាចដូចគ្នា និងថ្ងៃចុងក្រោយទី១៤ ជួប អាហ្វាហ្គានីស្ថាន វេលាម៉ោង ៩:០០នាទីយប់៕

Share.

Comments are closed.

Exit mobile version