កាលពីល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ នាពហុកីឡដ្ឋានជាតិអូឡាំពិក ការធ្វើតេស្ត ជ្រើសរើសយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានបញ្ចប់ទៅដើម្បីត្រៀមស្វែងរកកីឡាករសក្ដានុពល ចូលរួមប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-19 Championship 2022។
យុវជនសរុបទាំងអស់ ៥២នាក់ មកពីក្លិបចំនួន ១៣ក្លិប ទាំងលីគទី១ និងលីគ២ រួមមាន (លីគទី១) បឹងកេត (៣នាក់), ភ្នំពេញក្រោន (៣នាក់), វិសាខា (១នាក់), ណាហ្គាវើលដ៍ (១នាក់), អង្គរថាយហ្គឺរ (៣នាក់), កងយោធពលខេមរភូមិន្ទ (១នាក់)។ (លីគទី២) ព្រៃវែង (៦នាក់), កោះកុង (១នាក់), អាស៊ីអឺរ៉ុបយូណាយធីត (៤នាក់), អគ្គិសនីកម្ពុជា (៣នាក់), សូលទីឡូអង្គរ (៣នាក់), សៀមរាបអែហ្វស៊ី (២នាក់) និង U-18 សាលាបាល់ទាត់ជាតិបាទី (១៤នាក់) ទើបតែចូលរួម ។
ដោយឡែកកីឡាករមួយចំនួនដែលមានឈ្មោះធ្វើតេស្តដំណាក់កាលទី១ ដូចជា គីរីវង់សុខសែនជ័យ, នគរបាលជាតិ, អាយអេសអាយ ដង្កោរសែនជ័យ, បន្ទាយមានជ័យអែហ្វស៊ី និងណិចស្តិបអែហ្វស៊ី ត្រូវបានជម្រុះចេញ។
កីឡាករដែលបង្ហាញសមត្ថភាពលេចធ្លោមួយចំនួនធំក៏នៅតែបន្តមានឈ្មោះក្នុងបញ្ជីនេះផងដែរបើទោះបីជាជាប់កាតព្វកិច្ចជាមួយជម្រើសជាតិ ក៏ដូចជាក្លិបប្រកួតនៅក្រៅប្រទេសដូចជា៖ ស៊ិន សុវណ្ណមករា (ជម្រើសជាតិឈុតធំ) និង យ៉ែម ដេវីត (ភ្នំពេញក្រោន ទៅប្រកួតនៅម៉ាឡេស៊ី) ជាដើម ខណៈកីឡាករ វឿន វ៉ា (ព្រៃវែង), លឹម អារុណរ៉េយមិន (បឹងកេត), សុវណ្ណ ដូណា (អង្គរថាយហ្គឺរ) នៅតែបន្តមានឈ្មោះ ខណៈ ចិន ណារក្ស បានជម្រុះចេញផងដែរ។
បន្ថែមពីលើនេះ កីឡាករ សំអុល ទីណា, កើត ពេជ្រ ដែលបង្ហាញខ្លួនជារឿយៗជាមួយភ្នំពេញក្រោនឈុតធំ ដើមឡើយក៏មានឈ្មោះក្នុងបញ្ជីផងដែរ ប៉ុន្តែដោយសារកង្វះកីឡាករ U-22 ភ្នំពេញក្រោន ដែលតម្រូវឲ្យលេងលីគ ធ្វើឲ្យរូបគេសម្រេចដកខ្លួន។
ពានរង្វាន់ជើងឯកយុវជនអាស៊ាន AFF U-19 Championship 2022 នឹងធ្វើឡើងពីថ្ងៃទី០២-១៥ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី៕
Share.

Comments are closed.

Exit mobile version