ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា (CAMSOC) បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំងអស់ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីវែកញែកពីចិត្តសាស្ដ្រ និងចំណុចខ្លាំងចំណុចខ្សោយ ពង្រឹងបច្ចេកទេសកីឡា ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះ ផ្ដោតលើរបៀបវារៈសំខាន់ៗចំនួន ២ រួមមាន៖ ទី១ការត្រៀមខ្លួនធ្វើសៀវភៅបច្ចេកទេស (Technical Handbook) ដើម្បីកំណត់នូវបទបញ្ជាការប្រកួតតាមប្រភេទកីឡានីមួយៗ និងទី២វែកញែក និងស្វែងរកឲ្យឃើញនូវអ្វីដែលជាចិត្តសាស្ដ្រ ក៏ដូចជាចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ទៅលើរឿងបច្ចេកទេស ដែលត្រូវញែកឲ្យបានច្បាស់អំពីអ្វីដែលជាចំណុចខ្វះខាតក្នុងការប្រកួតនេះ ហើយយកមកធ្វើជាមេរៀន និងបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ដ្របច្ចេកទេស ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

ក្រោយឆ្លងកាត់ការពិភាក្សា និងពិនិត្យម្ដងមួយចំណុចៗ ទៅលើអ្វីដែលជាការខ្វះខាតក្នុងការប្រកួត បច្ចេកទេស ចិត្តសាស្ដ្រ និងការថែទាំសុខភាពកីឡាករជាដើម បានធ្វើឲ្យសហព័ន្ធទាំងអស់ យល់កាន់តែច្បាស់អំពីភារកិច្ចរបស់ខ្លួន ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ។ ពោលគឺភារកិច្ចទី១ ធ្វើយ៉ាងណាអភិវឌ្ឍន៍បច្ចេកទេសកីឡាករកីឡាការិនីឲ្យឈានដល់ស្ដង់ដារ និងអាចស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡាស៊ីហ្គេម ២០២៣ ឲ្យបាន និងភារកិច្ចទី២ សហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំការប្រកួតតាមប្រភេទកីឡារបស់ខ្លួន ជាមួយសហព័ន្ធអន្ដរជាតិឲ្យរលូន ចប់ចុងចប់ដើម និងទទួលបានជោគជ័យ។

ចំពោះការងាររៀបចំសៀវភៅបច្ចេកទេស (Technical Handbook) វិញ CAMSOC បានជំរុញឲ្យសហព័ន្ធជាតិនីមួយៗ ត្រូវរៀបចំឲ្យបានរួចរាល់ មុនកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅរាជធានីភ្នំពេញ ដែលគ្រោងរៀបចំចន្លោះថ្ងៃទី១១១៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ដែលជាកិច្ចប្រជុំចុងក្រោយ ដើម្បីធ្វើការកំណត់ប្រភេទកីឡា និងកំណត់វិញ្ញាសាចុងក្រោយ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

Share.

Comments are closed.

Exit mobile version