នៅមិនដល់ ១សប្តាហ៍ទៀតទេ កម្ពុជានឹង​ដង្ហែ​ពាន​រង្វាន់​បាល់​ទាត់​ពិ​ភព​លោក “FIFA World Cup Trophy Tour” ពោលគឺនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៥១ ដែលមានឱកាសនាំយកពាន World Cup ពិតប្រាកដ មកបង្ហាញប្រជាជនកម្ពុជា ជាពិសេសអ្នកស្នេហាវិស័យបាល់ទាត់។
នេះគឺជាលើកដំបូងចំពោះការមកដល់កម្ពុជា ហើយតាមគម្រោងក្បួនដង្ហែពានរង្វាន់នឹងចាប់ផ្ដើមពីព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព និងមានអញ្ជើញទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។ លើសពីនេះទៅទៀត គឺនឹងមានការស្វាគមន៍ឱ្យចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ ផងដែរ។
ដំណើរទេសចរណ៍ពានរង្វាន់ FIFA World Cup™ នេះនឹងឈប់ក្នុងប្រទេសចំនួន ៥១ បូករួមជាមួយប្រទេសទាំង៣២ ដែលត្រូវចូលរួមប្រកួត FIFA World Cup 2022 ខាងមុខផងដែរ ដែលនាំឱ្យ FIFA កាន់តែខិតជិតដល់គោលដៅនៃការយកពានផ្លូវការទៅដាក់បង្ហាញនៅប្រទេសជាសមាជិកទាំង២១១ របស់ FIFA នៅមុនឆ្នាំ២០២៣។ នៅអាស៊ីអាគ្នេយ៍ ពានរង្វាន់បាល់ទាត់ពិភពលោក ធ្លាប់ធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ា, ថៃ, វៀតណាម, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី៕
Share.

Comments are closed.

Exit mobile version