តាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News  បានឱ្យដឹងថា លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទសុំអភ័យទោសពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ចំពោះបញ្ហាចាក់ភ្លេងជាតិកម្ពុជា និងបញ្ហារៀបចំការស្នាក់នៅសម្រាប់កីឡាករខ្មែរ ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះនៃការប្រកួត AFC Asian Cup 2022។


នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរសព្ទមកលោកហើយបានថ្លែងថា៖ «ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ»។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា បន្ទាប់ពីមានការសុំអភ័យទោសហើយនោះ លោកជំទាវក៏ស្នើសុំជួបទទួលទានកាហ្វេជុំគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ក្រោយត្រឡប់មកមាតុប្រទេសវិញ។

សូមរំលឹកថា នាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី០៨ ខែមិថុនា បានព្រមានទុករយៈពេល៣ម៉ោង ឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ចេញលិខិតសុំទោសកម្ពុជាទេ បើមិនដូច្នេះទេយន្តហោះនឹងដឹកកីឡាករបាត់ទាត់ជម្រើសជាតិកម្ពុជា ត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ។ ប៉ុន្តែភ្លាមៗក្រោយប្រតិកម្ម ទីបំផុតសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា បានចេញលិខិតសុំទោសកម្ពុជាផងដែរ៕

Share.

Comments are closed.

Exit mobile version