សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​បញ្ជាក់​ពី​គោល​បំណង​ជំរុញ​​​ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​អាស៊ី​អាគ្នេយ៍​​ ក្នុងការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​​បាល់ទាត់​ជើង​ឯក​ពិភព​លោក (FIFA World Cup) នៅឆ្នាំ​២០៣៤ ឬឆ្នាំ២០៣៨។ នេះបើយោងតាមប្រសាសន៍​សម្តេច​តេជោ ក្នុងពិធីអញ្ជើញជាអធិបតី ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ឆ្លងកាត់កម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ​នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖«សម្រាប់​២០២២​នេះ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​អាស៊ាន ខ្ញុំ​ចង់​ឃើញ​អាស៊ាន​មាន​ចក្ខុ​វិស័យ និង​ផែន​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ នៃ​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក នៅ​ឆ្នាំ​២០៣៤ ឬ​២០៣៨ ដែល​ខ្ញុំ​នឹង​ពិនិត្យ​មើលលទ្ធភាព ស្នើ​សុំ​ឲ្យ​បណ្តា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​គាំទ្រ ជំរុញ​គំនិត​ផ្តួច​ផ្តើម​នេះ​ឲ្យ​ក្លាយ​ជា​ការ​ពិត​»។

«ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ២០០២ គឺកូរ៉េ-ជប៉ុន និងឆ្នាំ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃសម្រាប់ឆ្នាំ២០៣៤ ឬឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែមគុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងកីឡាក្នុងសហគមន៍អាស៊ានឲ្យកាន់តែរឹងមាំ ជាមួយភាពសុកដុមរមនារវាងបណ្ដាប្រទេសជាសមាជិកតាមរយៈការទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាតរបស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មានឥទ្ធិពលនេះ»។

គួបញ្ជាក់ថា ​ការ​ប្រកួត​​បាល់ទាត់​ជើង​ឯក​ពិភព​លោក (FIFA World Cup) ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដង។ ឆ្នាំ២០២២ ដែលធ្វើនៅទីក្រុងដូហា ប្រទេសកាតា នេះគឺជាលើកទី២២ ខណៈលើកទី២៣ ឆ្នាំ២០២៦ គ្រោងនឹងធ្វើនៅប្រទេសកាណាដា, ម៊ិកស៊ិក និងសហរដ្ឋអាម៉េរិក (ម្ចាស់ផ្ទះរួម) ស្របពេលដែលឆ្នាំ២០៣០ និងឆ្នាំ២០៣៤ កំពុងស្ថិតក្នុងដំណាក់កាលដាក់បញ្ចូលបេក្ខភាពនៃការដេញថ្លៃធ្វើម្ចាស់ផ្ទះ៕

Share.

Comments are closed.

Exit mobile version