កីឡាករ Theerathorn Bunmathan ខ្សែការពារស្លាបឆ្វេងរបស់ក្រុមជម្រើសជាតិថៃ បាននិយាយថា គេចង់ឈប់លេងបាល់ជាមួយក្រុមនៅតំបន់អាស៊ានហើយ ដ្បិតចង់ប្រកួតនៅកម្រិតអាស៊ី ទើបមានការរីកចម្រើនជាង។

និយាយបែបនេះគឺបន្ទាប់ពីអ្នកសារព័ត៌មានថៃ សួរនាំអំពី​​ពាន​រង្វាន់​ជើងឯកអាស៊ាន ដែលទើបប្ដូរម្ចាស់ឧបត្ថម្ភថ្មី ពី ‘AFF Suzuki Cup’ មកជា ‘AFF Mitsubishi Electric Cup’ នៅ​ចុង​ឆ្នាំ មុន​ទៅ​ប្រកួត​ AFC Asian Cup នៅ​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ។

កីឡាករវ័យ ៣២ឆ្នាំរូបនេះបានលើកឡើង​ថា៖ «បើ​សួរ​ខ្លួន​ឯង ខ្ញុំ​សុខ​ចិត្ត​លេង​កម្រិត​អាស៊ី ប៉ុន្តែ​បើ​​ជម្រើស​ជាតិកោះហៅ​ខ្ញុំ​ត្រូវតែ​លេង។ ខ្ញុំ​គិត​ថា​នៅ​កម្រិត​អាស៊ាន​​មិន​សមនឹងលេងនោះ​ទេ។ ព្រោះ​គេលេងទាត់​មនុស្ស​ច្រើន​ជាង​ទាត់បាល់ វា​អាក្រក់មើលណាស់ពេល​ប្រកួត។ មិនដូចអាស៊ី ដែលការវិនិច្ឆ័យមានភាពអព្យាក្រឹតជាង ខ្ញុំមិននិយាយថាខ្ញុំមើលរំលងអាស៊ាន ហើយទៅអាស៊ីទេ។ ប៉ុន្តែ​បើ​ចង់​ធ្វើ​ដូច​ជប៉ុន ​ត្រូវ​ប្រើ​ការប្រកួតនៅអាស៊ាន ​ដើម្បី​ពង្រឹង​នៅកម្រិត​អាស៊ី»។

«ដូច​ស៊ីហ្គេម​វិញ បើ​នៅ​ជប៉ុន​គឺគេប្រើ U-20 ឬ U-19។ វាមិនចាំបាច់សូម្បីតែយកកីឡាករនៅក្នុងលីគ។ បើ​លេង U-23 យក U-19 មក​ប្រកួត​ជំនួស ព្រោះ​ឈុត​ទាំងនេះ​អាចងាយស្រួល​ប្រមូល​បាន។ គ្មាន​ការ​ស្នើ​សុំ​ពី​ក្លិប ទោះ​ចាញ់​ក៏​មិន​អី​ដែរ។ ប្រើវាជាផ្នែកបន្ថែមជំនួសឱ្យការអាចគាំទ្រដល់ជម្រើសជាតិឈុតធំនាពេលខាងមុខផងដែរ»។ Theerathorn បានបន្ថែម។

កីឡាករដែលលេងឲ្យជម្រើសជាតិថៃ បាន ៧២ប្រកួតរូបនេះបាននិយាយទៀតថា៖ “យកកីឡាករ U-23 ឆ្នើមៗ ចូល​រួម​ក្រុម​ធំ​ទៅ​ទាត់​កម្រិត​អាស៊ាន ​ដូចជា​ស៊ីហ្គេម​ជាដើមនេះអត់​ល្អ​ទៀត​ទេ។ តែមិនអីទេ ដំបូងយើងប្រហែលជាមិនអាចទទួលយកវាបានទេ។ ប៉ុន្តែត្រូវតែទទួល, តាមគំនិតរបស់ខ្ញុំ យើងត្រូវទទួលយកថាយើងនឹងមិនក្លាយជាក្រុមជើងឯកនោះទេ។ ទទួលយកផលប៉ះពាល់ពីពេលនេះ ដើម្បីអាចឲ្យមានការរីកចម្រើនតាមរបៀបត្រឹមត្រូវ។»

Share.

Comments are closed.

Exit mobile version