ភ្នំពេញ៖ កីឡាករ Yudai Ogawa របស់ក្រុមភ្នំពេញក្រោន បានសម្រេចចិត្តប្រគល់ Microwave ដែលរូបគេទទួលបានក្នុងនាមជាកីឡាករល្អជាងគេ (Man of The Match) ក្នុងការប្រកួតទល់ក្រុមណាហ្គាវើលដ៏ ទៅឱ្យកីឡាករ យ៉ើ ម៉ូស្លីម វិញដើម្បីជាការលើកទឹកចិត្តមិត្តរួមក្រុមវ័យក្មេងរូបនេះបន្ទាប់ពីមើលឃើញថា យ៉ើ ម៉ូស្លីម បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលទីបានសម្រេចដល់ទៅ ៤ លើក ក្នុងជំនួបទល់នឹងក្រុមគីរីវង់សុខសែនជ័យ នៅសប្តាហ៍ទី ១២ កន្លងទៅ។ នេះពិតជាកាយវិការដ៏គួរឱ្យកោតសរសើរមួយនិងជាការបង្ហាញនូវការផ្តល់កម្លាំងចិត្តចំពោះមិត្តរួមក្រុមដែលមានស្នាដៃចំពោះក្រុមទាំងមូល។
គួររំលឹកថា Yudai Ogawa គឺជា​កីឡាករ​បរទេស​ដំបូង​គេ​របស់លោក Oleg Starynskyi ក្រោយពីលោកត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ភ្នំពេញ​ក្រោ​ន​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ មុន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​ខ្សែបម្រើ​វ័យ​២៤​ឆ្នាំ​រូបនេះ​ធ្លាប់​លង​ឲ្យ​ក្លិប​ធំៗ​ចំនួន​ពីរ​នៅ​កម្ពុជា​។ ក្នុងនោះ​រូបគេ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​នៅ​ឆ្នាំ​២០១៨ មុន​ផ្ទេរ​ទៅកាន់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៩ និង​២០២០​។​

សូមបញ្ជាក់ថា ​មុន​មក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា កីឡាករ​កម្ពស់​១.៧៤​ម៉ែត្រ​រូបនេះ ធ្លាប់​លេង​ក្លិប​ក្របខណ្ឌ​ទី​៣​របស់​ជប៉ុន Gifu FC និង​ក្លិប​ក្របខណ្ឌ​ទី​ពីរ​របស់​ប៉ូឡូញ Widzew Lodz​។​ រូបគេបាន​ចូលប្រឡូក​វិស័យ​កីឡាបាល់ទាត់​ដំបូង ដោយ​ធ្វើជា​យុវជន​របស់​ក្លិប Valie Tsuru ក្រោយមក​ក៏បាន​ផ្លាស់​ទៅកាន់​ក្លិប Yamanashi Gakuin ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន​ដូចគ្នា​៕
Share.

Comments are closed.

Exit mobile version