ក្រុម U-16 កម្ពុជា ដែលកំពុងនៅសល់១ប្រកួតក្នុងដៃ នៃពានរង្វាន់ជើងឯកយុវជនអស៊ានអាយុក្រោម ១៦ឆ្នាំ (AFF U-16 Boy’s Championship) ឆ្នាំ២០២២ គឺត្រូវការឈ្នះដាច់ខាត និងជាពិសេសត្រូវការបញ្ចប់ទៅដោយឈរលេខ១ ក្នុងពូល C ទើបអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

និយាយដូច្នេះដោយសារពានរង្វាន់យុវជនលើកនេះ នឹងយកតែ ១ក្រុមប៉ុណ្ណោះប្រចាំពូលនីមួយៗ (ពូល A, B និង C) ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈ ១ក្រុមទៀតគឺជាក្រុមលេខ២ល្អ ហើយត្រឹមបច្ចុប្បន្ននេះមានតែពូល A និងពូល C ប៉ុណ្ណោះដែលអាចកំណត់អោយមានក្រុមលេខ២ល្អ ខណៈពូល B នឹងមិនមានក្រុមលេខ២ល្អឡើយ ដោយសារពិន្ទុតិចជាង។

ពូល A បានរកឃើញក្រុមឡើងហើយគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ជាក្រុមលេខ១ ខណៈវៀតណាម ជាក្រុមលេខ២ ដែលមាន ៦ពិន្ទុបណ្ដោះអាសន្នដូច្នេះគេឈរជាក្រុមលេខ២ល្អដែលមានពិន្ទុ និងគ្រាប់ច្រើន (៨គ្រាប់)។ ដោយឡែកពូល B វិញ ឡាវដែលឈរនៅលេខ២ នោះគឺមានតែ ៥ពិន្ទុ បានសេចក្ដីថាមិនគ្រប់គ្រាន់ដើម្បីប្រជែងជាមួយវៀតណាម ឡើយ។ រឹតតែពិបាកទៀតសម្រាប់ពូល C ដោយសារគ្រាប់បាល់ចំណញក្នុងពូលនេះមានច្រើនបំផុតត្រឹម ៣គ្រាប់ ខណៈគេចាត់ទុកថាជាពូលតានតឹង ឬអាចនិយាយបានថាភាគរយដើម្បីអាចក្លាយជាក្រុមលេខ២ល្អ ហើយមានគ្រាប់បាល់ដល់ទៅ ៩គ្រាប់គឺហាក់ស្រម៉ៃមិនសូវឃើញ។

ផ្លូវតែមួយគត់ដែលនាំឲ្យ U-16 កម្ពុជា អាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺឈរលេខ១ ក្នុងពូល C។ ឈរលេខ១ ត្រូវពឹងផ្អែកលើអ្វីខ្លះ?

  • ទី១ កម្ពុជា ត្រូវការឈ្នះ មីយ៉ាន់ម៉ា ដាច់ខាត ករណីម៉ាឡេស៊ី ស្មើឬក៏ចាញ់ អូស្ត្រាលី
  • ទី២ កម្ពុជា ត្រូវការឈ្នះ មីយ៉ាន់ម៉ា ដោយមានគ្រាប់ចំណេញ ១០គ្រាប់ឡើង ដោយមិនចាំបាច់ខ្វល់ពីលទ្ធផលរវាង ម៉ាឡេស៊ី ជាមួយ អូស្ត្រាលី

ការប្រកួតថ្ងៃស្អែកនេះរវាងក្រុមទាំង៤ (មីយ៉ាន់ម៉ា Vs កម្ពុជា) (ម៉ាឡេស៊ី Vs អូស្ត្រាលី) នឹងធ្វើឡើងនៅវេលាម៉ោង ៣:០០នាទីរសៀលតំណាលគ្នា៕

Share.

Comments are closed.

Exit mobile version