សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននឹងកំពុងរៀបចំសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់ រាជធានី-ខេត្ត ដែលមានការចូលរួមពីគ្រូឧទេ្ទសរបស់ UEFA Assist Program។

សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីប្រធាន និងអនុប្រធានមន្ទីអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត។

គោលបំណងរបស់សិក្ខាសាលានេះ ធ្វើឡើងដើម្បីជាការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានមើលឃើញថា កម្ពុជាមានការអភិវឌ្ឍថ្នាលយុវជនគ្រប់ខេត្តរួចទៅហើយ និងជាមួយគ្នា ដែលកន្លងមក UEFA Assist ធ្លាប់បានជួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើផ្នែកសម្ភារ (ជារថយន្ដ) ម្ដងរួចហើយផងដែរ។

ចាំបានថា កាលពីឆ្នាំ២០២០ UEFA ​បាន​ជួយ​កម្ពុជា​តាម​រយៈ​គម្រោង​ថវិកា​ UEFA Assist Program ​ផ្ដល់​ប្រាក់​ឱ្យ​កម្ពុជា​តាម​រយៈ AFC ​ចំនួន ៤៣ ០០០​អឺរ៉ូ ​ឬ​ស្មើ​នឹង​ជិត​៥​ម៉ឺន​ដុល្លារ ​ដើម្បី​ទិញ​ឡាន​ប្រភេទ​១២​កៅអី ​ទុក​សម្រាប់​ប្រើប្រាស់។

ជាការឆ្លើយតបទៅនឹងក្ដីរំពឹង លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយនៅលើ cambodia2023.com ថា លោកសង្ឃឹមសិក្ខាកាមនឹងទទួលបានផ្លែផ្កាពីសិក្ខាសាលានេះ ដ្បិតគ្រូឧទ្ទេសមកពីប្រទេសដែលជឿនលឿនលើវិស័យបាល់ទាត់ ជាពិសេសតំណាងរាជធានី-ខេត្តចូលរួម គឺមានឋានៈជាប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្ត ដែលមានភាពងាយស្រួលក្នុងការសម្រេចចិត្ត។

សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពការគ្រប់គ្រងសមាគមកីឡាបាល់ទាត់រាជធានី-ខេត្ត មានប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ច និងរចនាសម្ព័ន្ធសមាគម, ធនធានមុស្ស, ការគ្រប់គ្រងរបស់គ្រប់អ្នកពាក់ព័ន្ធ, ការអភិវឌ្ឍផ្នែកបច្ចេកទេស, ការគ្រប់គ្រងកីឡាករ, ការគ្រប់គ្រងការប្រកួតប្រជែង, ការទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការបង្កើតប្រាក់ចំណូល, ផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការ, ការរៀបចំគម្រោងប្រតិបត្តិការដោយសមាគមខេត្ត។

UEFA Assist Program គឺជាការគាំទ្រការអភិវឌ្ឍបាល់ទាត់ក្នុង និងក្រៅទ្វីបអឺរ៉ុប។ ដោយចូលទៅក្នុង UEFA និងចំណេះដឹង និងជំនាញរបស់សមាជិក កម្មវិធីចែករំលែកការអនុវត្តល្អបំផុតជាមួយសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបទាំង៥ ដែលជាដៃគូរបស់ UEFA។ កម្មវិធីនេះ ជួយអភិវឌ្ឍបាល់ទាត់ និងពង្រឹងទំនាក់ទំនងតាមរយៈបណ្តាញអន្តរជាតិ និងគម្រោងផ្ទាល់ខ្លួន។ គម្រោងទាំងនោះ មានភាពខុសគ្នា ប៉ុន្តែគម្រោងនីមួយៗ ឆ្លើយតបនឹងតម្រូវការជាក់លាក់ និងសំខាន់ក្នុងការអភិវឌ្ឍបាល់ទាត់៕

Share.

Comments are closed.

Exit mobile version