យោងតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) បានបញ្ជាក់ថា កម្ពុជា កំពុងត្រៀមវិញ្ញាសាប្រកួតប្រមាណជាជាង៥០០ សម្រាប់ដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការបញ្ជាក់របស់ឯឧត្តមដូច្នេះគឺនៅក្រោយ កិច្ចប្រជុំពិភាក្សា ត្រួតពិនិត្យការងាររបស់សហព័ន្ធកីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសាក្នុងការដាក់បញ្ចូលទៅប្រកួតស៊ីហ្គេម ២០២៣ នៅកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ នាទីស្នាក់ការកណ្ដាលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ កីឡាចំនួន ៣៩ប្រភេទ បូកនិងកីឡាសម្ដែង ១ប្រភេទ ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ អនុម័តក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅកម្ពុជា ហើយនៅថ្ងៃនេះផងដែរ វិញ្ញាសាប្រកួត (Events) ជាង៥០០វិញ្ញាសា ឬជាង៥០០មេដាយមាស ដែលស្ថិតក្រោមប្រភេទកីឡាទាំង៣៩ ត្រូវបានអង្គប្រជុំពិនិត្យ និងសម្រេច ដើម្បីត្រៀមដាក់បង្ហាញក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសប្ដាហ៍ក្រោយ នាទីក្រុងបាងកក ប្រទេសថៃ។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍នៅលើ cambodia2023.com ថា៖ «យើងបានប្រជុំថ្ងៃនេះគឺកំណត់វិញ្ញាសាដែលត្រូវដាក់ចូលក្នុងការប្រកួតក្នុងប្រភេទកីឡានីមួយៗ ដែលត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍បានសម្រេចរួចហើយ អ៊ីចឹងអ្វីដែលយើងទទួលបាននូវធាតុចូលសំខាន់ៗពីគ្រប់ប្រភេទកីឡាទាំងអស់ដោយដាក់វិញ្ញាសារបស់ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយនេះ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) គឺជាថ្ងៃដែលប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកក។ យើងនឹងបង្ហាញគេអំពីប្រភេទវិញ្ញាសាដែលយើងត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម អ៊ីចឹងបើយើងបូកទៅគឺជាង ៥០០វិញ្ញាសា ស្មើនឹងជាង ៥០០មេដាយ ដែលយើងត្រូវរៀបចំនៅស៊ីហ្គេម ២០២៣»។
«យើងបានជំរះ បានន័យថាយើងបានស្កេនគ្រប់ប្រភេទកីឡាទាំងអស់ឲ្យមានភាពជាក់លាក់ថាវិញ្ញាសាដែលគាត់បានដាក់នេះពិតជាមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ប្រភេទកីឡារបស់ខ្លួន។ គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកឧត្តមភាព គាត់មានយុទ្ធសាស្ត្រសម្រាប់ស្វែងរកសក្ដានុពល ហើយគាត់មានយុទ្ធសាស្ត្រក្នុងការស្វែងរកនូវជ័យលាភីរបស់គាត់។ យើងប្រជុំថ្ងៃនេះយើងលម្អិតអំពីចំណុចតូចៗណាដែលយើងមិនទាន់យល់គ្នា នៅមានភាពស្រពិចស្រពិល មិនទាន់យល់យុទ្ធសាស្ត្រស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹងសហព័ន្ធទាំងអស់គឺយើងបានទទួលហើយនូវគម្រោង ផែនការ និងការកំណត់ប្រភេទវិញ្ញាសារបស់គាត់បានរួចរាល់អស់ហើយ យើងនៅសេសសល់តិចតួច យើងនឹងបញ្ចប់នៅថ្ងៃនេះ និងថ្ងៃស្អែក ហើយដើម្បីថ្ងៃច័ន្ទ យើងយកទៅក្នុងកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។
ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា គ្រោងនឹងធ្វើពីថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៩ប្រភេទ បូកកីឡាសម្ដែង១ប្រភេទ ដែលអនុម័តឱ្យប្រកួតជាផ្លូវការ ហើយអ្វីៗនឹងកាន់តែច្បាស់ផ្លូវការ នៅក្រោយកិច្ចប្រជុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សប្ដាហ៍ក្រោយ៕