យោងតាម​ប្រសាសន៍ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ហៅកាត់ (CAMSOC) បានបញ្ជាក់ថា កម្ពុជា កំពុង​ត្រៀម​វិញ្ញាសា​ប្រកួត​ប្រមាណជា​ជាង​៥០០ សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ព្រឹត្តិការណ៍​កីឡាស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅកម្ពុជា។

ការបញ្ជាក់របស់ឯឧត្តមដូច្នេះគឺ​នៅក្រោយ កិច្ចប្រជុំ​ពិភាក្សា ត្រួតពិនិត្យ​ការងារ​របស់​សហព័ន្ធ​កីឡា​ជាតិ និង​ផ្នែក​ពាក់ព័ន្ធ ដើម្បី​សម្រេច​លើ​វិញ្ញាសា​ក្នុងការ​ដាក់បញ្ចូល​ទៅ​ប្រកួត​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះ នាទី​ស្នាក់ការ​កណ្ដាល​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​។

កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២២ កីឡា​ចំនួន ៣៩​ប្រភេទ បូក​និង​កីឡា​សម្ដែង ១​ប្រភេទ ត្រូវបាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ អនុម័ត​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើងនៅកម្ពុជា ហើយ​នៅថ្ងៃនេះផងដែរ វិញ្ញាសា​ប្រកួត (Events) ជាង​៥០០វិញ្ញាសា ឬជាង៥០០មេដាយមាស ដែល​ស្ថិតក្រោម​ប្រភេទ​កីឡា​ទាំង​៣៩ ត្រូវបាន​អង្គប្រជុំ​ពិនិត្យ និង​សម្រេច​ ដើម្បី​ត្រៀម​ដាក់​បង្ហាញ​ក្នុង​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​សប្ដាហ៍​ក្រោយ នាទី​ក្រុង​បាងកក ប្រទេស​ថៃ​។

ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍នៅលើ cambodia2023.com ថា៖ «​យើង​បាន​ប្រជុំ​ថ្ងៃនេះ​គឺកំណត់​វិញ្ញាសា​ដែល​ត្រូវដាក់​ចូលក្នុង​ការប្រកួត​ក្នុង​ប្រភេទ​កីឡា​នីមួយៗ ដែល​ត្រូវបាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​បានសម្រេច​រួចហើយ អ៊ីចឹង​អ្វីដែល​យើង​ទទួលបាន​នូវ​ធាតុ​ចូល​សំខាន់ៗ​ពី​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ដោយ​ដាក់​វិញ្ញាសា​របស់ខ្លួន គឺ​ដើម្បី​សប្ដាហ៍​ក្រោយនេះ (​ថ្ងៃ​ច័ន្ទ អង្គា​រ៍ ពុធ​) គឺជា​ថ្ងៃ​ដែល​ប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅឯ​ទីក្រុង​បាងកក​។ យើង​នឹង​បង្ហាញ​គេ​អំពី​ប្រភេទ​វិញ្ញាសា​ដែល​យើង​ត្រូវ​បានសម្រេច​ដាក់​នៅក្នុង​ស៊ី​ហ្គេម អ៊ីចឹង​បើ​យើង​បូក​ទៅ​គឺ​ជាង ៥០០​វិញ្ញាសា ស្មើនឹង​ជាង ៥០០​មេដាយ ដែល​យើង​ត្រូវ​រៀបចំ​នៅ​ស៊ី​ហ្គេម ២០២៣»​។

«​យើង​បាន​ជំ​រះ បានន័យថា​យើង​បាន​ស្កេ​ន​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ឲ្យ​មាន​ភាពជាក់លាក់​ថា​វិញ្ញាសា​ដែល​គាត់​បានដាក់​នេះ​ពិត​ជាមាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​សម្រាប់​ប្រភេទ​កីឡា​របស់ខ្លួន​។ គាត់​មាន​យុទ្ធសាស្ត្រ​សម្រាប់​ស្វែងរក​ឧត្តមភាព គាត់​មាន​យុទ្ធសាស្ត្រ​សម្រាប់​ស្វែងរក​សក្ដានុពល ហើយ​គាត់​មាន​យុទ្ធសាស្ត្រ​ក្នុងការ​ស្វែងរក​នូវ​ជ័យលាភី​របស់គាត់​។ យើង​ប្រជុំ​ថ្ងៃនេះ​យើង​លម្អិត​អំពី​ចំណុច​តូចៗ​ណា​ដែល​យើង​មិនទាន់​យល់​គ្នា នៅមាន​ភាពស្រពិចស្រពិល មិនទាន់​យល់​យុទ្ធសាស្ត្រ​ស៊ីជម្រៅ គឺ​ត្រូវ​បើក​កកាយ​នៅថ្ងៃនេះ​។ អ៊ីចឹង​សហព័ន្ធ​ទាំងអស់​គឺ​យើង​បានទទួល​ហើយ​នូវ​គម្រោង ផែនការ និង​ការកំណត់​ប្រភេទ​វិញ្ញាសា​របស់គាត់​បាន​រួចរាល់​អស់ហើយ យើង​នៅ​សេសសល់​តិចតួច យើង​នឹង​បញ្ចប់​នៅថ្ងៃនេះ និង​ថ្ងៃស្អែក ហើយ​ដើម្បី​ថ្ងៃ​ច័ន្ទ យើង​យកទៅ​ក្នុង​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​បាងកក​»​។

ព្រឹត្តិការណ៍ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា គ្រោង​នឹងធ្វើ​ពីថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៣ ដោយមាន​កីឡា​ចំនួន ៣៩​ប្រភេទ បូកកីឡាសម្ដែង១ប្រភេទ ​ដែល​អនុម័ត​ឱ្យ​ប្រកួត​ជា​ផ្លូវការ  ហើយអ្វីៗនឹង​កាន់តែច្បាស់ផ្លូវការ នៅ​ក្រោយ​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ សប្ដាហ៍​ក្រោយ៕

Share.

Comments are closed.

Exit mobile version