ព្រះរាជពិធីសុំភ្លើងអាទិទេព-រត់ភ្លើងគប់ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺគ្រោងប្រារព្ធធ្វើឡើងនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមវិបសាយស៊ីហ្គេម២០២៣ ផ្លូវការ cambodia2023.com ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ លើរបៀបវារៈសំខាន់ៗពីរ ដែលក្នុងនោះក៏មានពិភាក្សាទៅលើ ការពិនិត្យព្រះរាជពិធីសុំភ្លើងអាទិទេពកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងពិធីរត់ភ្លើងគប់។

ឯកឧត្តមមានប្រសាសន៍ថា 🗣 «យើងឃើញហើយថាការរត់ភ្លើងគប់ ការយកភ្លើងគប់ នៅក្នុងទីឋានរបស់អាទិទេពមួយ ដែលមានភាពស័ក្ដិសិទ្ធិ មានភាពជឿជាក់ថា ជាទីឋានអាទិទេព មានតែប្រាសាទអង្គរវត្តរបស់យើង ដែលល្បីល្បាញលើពិភពលោក ក៏ដូចជាសម្រាប់ទីសក្ការៈ នៃអាទិទេពសម្រាប់អាស៊ីអាគ្នេយ៍ផងដែរ»។

«អ៊ីចឹង ប្រទេសអាស៊ាន ក្នុងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏គេមើលឃើញអញ្ចឹងដែរ។ គេមើលឃើញថា កម្ពុជាបានរៀបចំត្រឹមត្រូវ ព្រោះមើលឃើញកន្លែងមានលក្ខណៈពិសេសត្រឹមត្រូវ ដែលអាស៊ានគួរយកធ្វើគំរូ។ ប៉ុន្ដែនេះគ្រាន់តែយើងបង្ហាញ និងធ្វើជាគំរូគេប៉ុណ្ណោះ។ តែបើសិនជាក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មើលឃើញភាពចាំបាច់សម្រាប់ប្រទេសផ្សេងៗថា រាល់ស៊ីហ្គេមទាំងអស់ ត្រូវមកយកភ្លើងគប់នៅហ្នឹង (ប្រាសាទអង្គរវត្ត) ដូចព្រឹត្តិការណ៍អូឡាំពិក ដែលទៅយកភ្លើងគប់ នៅភ្នំអូឡាំព្យាដ នាប្រទេសក្រិចដូចគ្នា យើងនឹងស្វាគមន៍ យើងនឹងក្លាយជាប្រទេសដែលផ្ដើមចេញនូវគំនិតផ្ដួចផ្ដើមដ៏ល្អមួយ សម្រាប់មនុស្សជាតិ និងប្រទេសទាំងអស់ នៅក្នុងអាស៊ាន មិនមែនសម្រាប់តែកម្ពុជានោះទេ»។

សូមបញ្ជាក់ថា ជាទូទៅមុនស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មកដល់គេតែងតែធ្វើពិធីដង្ហែភ្លើងគប់ដោយចេញពីកម្ពុជា រួចទៅកាន់ប្រទេសក្នុងតំបន់ ទើបត្រលប់មកកម្ពុជាវិញ៕

Share.

Comments are closed.

Exit mobile version