សមាជិកជម្រើសជាតិ U-16 និង U-19 កម្ពុជា កីឡាករ សុន ថាវីស៊ីវ ត្រូវបានដឹងថាជាកូនប្រុសអតីតកីឡាកររបស់ក្លិបណាហ្គាវើលដ៍ (ពីមុន ណាហ្គាខប) លោក សុន សុវណ្ណរដ្ឋា ខណៈរូបគេទទួលការជម្រុញទឹកចិត្តពីឪពុករហូតបានជាប់ជម្រើសជាតិ។

សុន ថាវីស៊ីវ ជាកីឡាកររបស់សាលាតម្រង់ទិសខេត្តកណ្ដាល ក្រោយមកមានឱកាសធ្វើតេស្តជាប់ជាយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៦ឆ្នាំ នៅឆ្នាំ២០២០ គ្រាដែលពេលនោះរូបគេត្រុវបានគ្រូបង្វឹកនៃសាលាតម្រង់ទិស ជ្រើសរើសឲ្យមកធ្វើតេស្ត ក្នុងចំណោមកីឡាករប្រចាំក្រុម។
ហ្វឹកហាត់រយៈពេលជាង ២ឆ្នាំ ទីបំផុត សុន ថាវីស៊ីវ បានសម្រេចក្ដីស្រម៉ៃដំបូង ដោយបានជាប់ជម្រើសជាតិ U-19 កម្ពុជា នៅឆ្នាំ២០២២នេះ បើតាមអាយុបច្ចុប្បន្ន ១៦ឆ្នាំគត់ សុន ថាវីស៊ីវ គឺបានលេងត្រឹម U-16 ទេ ប៉ុន្តែគេមានឈ្មោះនៅ U-19 ធ្វើឲ្យសាមីខ្លួនក៏មិននឹកស្មានដល់ដែលអាចជាប់ U-19។ យ៉ាងណាមិញ គេអាចនឹកដល់ថាដោយសារតែទទួលបានឱកាសលេងនៅលីគទី២កម្ពុជា ជាញឹកញាប់ទើបឈានទៅដល់អាចជាប់ជម្រើសជាតិ U-19។ គេបានចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ក្នុងពានរង្វាន់ AFF U-19 Championship 2022 បង្ហាញខ្លួនបាន ១ប្រកួតផងដែរ។

ឆ្នាំជាមួយគ្នានេះ រូបគេក៏ជាប់ U-16 កម្ពុជាដូចគ្នា ដែលឈុតត្រូវនឹងអាយុរបស់គេផ្ទាល់ និងចេញទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី ក្នុងពានរង្វាន់ AFF U-16 Boy’s Championship 2022 បង្ហាញខ្លួនបាន ២ប្រកួត ក្នុងជំនួបដែលរួមចំណែកឲ្យ U-16 កម្ពុជា ឈ្នះ U-16 អូស្រ្តាលី ជាប្រវត្តិសាស្ត្រ។
សុន ថាវីស៊ីវ បាននិយាយដូច្នេះថា៖ «ខ្ញុំមានការជម្រុញទឹកចិត្តពីគ្រួសារ ជាពិសេសពីគាត់ (លោក សុន សុវណ្ណរដ្ឋា)។ ខ្ញុំបានមកដល់ថ្ងៃនេះ គឺមានការជម្រុញទឹកចិត្តគាត់ខ្លាំងមែនទែន ដោយសារមានការជម្រុញទឹកចិត្តពីគាត់ធ្វើឲ្យខ្ញុំបានលេងឲ្យជម្រើសជាតិដល់ពេលនេះ។»
និយាយពីឪពុករបស់ សុន ថាវីស៊ីវ លោក សុន សុវណ្ណរដ្ឋា គឺជាអតីតកីឡាករបស់ក្លិបបាល់ទាត់ស៉្បាកអេហ្វស៊ី, ណាហ្គាខប (បច្ចុប្បន្ន ណាហ្គាវើលដ៍) បៀលប្រាយយូណាយធីត និងអាស៊ីអឺរ៉ុបយូណាយធីត។ លោកក៏ធ្លាប់ជាសមាជិកជម្រើសជាតិយុវជនអាយុក្រោម១៧ឆ្នាំកម្ពុជា។
លើសពីនេះទៅទៀត កីឡាករដែលអ្នកស្នេហាវិស័យបាល់ទាត់ និងតាមដានជាប់លាប់ពិតប្រាកដស្គាល់ច្បាស់នោះ គឺកីឡាករ សុន សុវណ្ណរិទ្ធី ក៏ត្រូវជាពូបង្កើតរបស់កីឡាករវ័យ ១៦ឆ្នាំរូបនេះផងដែរ។
សុន សុវណ្ណរិទ្ធី គឺជាអតីតកីឡាករជម្រើសជាតិកម្ពុជា (អំឡុងឆ្នាំ២០០៧-២០១៦) រកបាន ២គ្រាប់ បច្ចុប្បន្ននៅបន្តប្រកបអាជីពនៅឡើយ ដោយលេងឲ្យក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ នៃលីគទី២កម្ពុជា និងជាអតីតកីឡាកររបស់ក្លិបណាហ្គាវើលដ៍, ភ្នំពេញក្រោន និងបឹងកេត ហើយធ្លាប់ឈ្នះជើងឯកលីគកំពូលកម្ពុជា ៣ដង ជាមួយក្លិបទាំង៣ ខាងលើផងដែរ៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា & ស្រេង ម៉េងស្រ៊ុន (ភ្នំពេញបុស្ត៍) & Sovanna Kem Photography