លោក​ឧត្តម​សេនីយ៍​ឯក Somyot Phumphanmuang ប្រធាន​សមាគម​កីឡា​បាល់ទាត់​ថៃ បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោកស្រី Nuanphan Lamsam (Madam Pang) អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​ថៃ ដើម្បីរៀបចំ​​​គម្រោង ក្រុម​ជម្រើស​ជាតិ​ថៃ ឈុតធំ សម្រាប់​គោល​ដៅ​ចូលរួមប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2026) ឆ្នាំ​២០២៦ ដោយយោង​តាម​ប្រតិទិន​ឆ្នាំ​២០២២-២០២៤។

សម្រាប់​ក្រុម​ជម្រើស​ជាតិ​ថៃ​ឈុត​ធំ ​មាន​៣​ព្រឹត្តិការណ៍ធំៗ​ក្នុង​អំឡុង​ឆ្នាំ​នេះ ​និង​ឆ្នាំ​ក្រោយ​ក្នុង​នោះ​រួម​មាន​ការ​ប្រកួត​ពានមិត្តភាព (King’s Cup) ខែ​កញ្ញា ចំនឹងថ្ងៃ (FIFA Day) នៅ​ខេត្ត​ឈៀងម៉ៃ​ ដែល​មាន ​៤​ប្រទេស​ចូល​រួម​ក្នុង​នោះ​មាន​ក្រុម​ជម្រើស​ជាតិ​ថៃ (ម្ចាស់ផ្ទះ) ម៉ាឡេស៊ី, ក្រុមជម្រើសជាតិតាជីគីស្ថាន និងជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ។

ការប្រកួតជើងឯកអាស៊ាន អំឡុងខែធ្នូ ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៣ និងជុំផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ២០២៣ ចន្លោះខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ឯក Somyot Phumphanmuang បានបន្ថែមថា “ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ គឺជាគោលដៅដែលខ្ញុំបានគិតមួយរយៈមកហើយ។ នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ជម្រើសជាតិ​ថៃ ​ក្នុង​ការ​ឈ្នះ​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ចុងក្រោយ។ ដោយសារតែក្រុមត្រូវបានបង្កើនដល់៤៨ក្រុម ហើយថ្មីៗនេះបានប្រកាសកូតាអាស៊ីត្រូវបានបង្កើនដល់ ៨+១ ផងដែរ”។

“ទោះជាយ៉ាងណាក៏ដោយពីមុនមកសហព័ន្ធ បានកំណត់យុទ្ធសាស្ត្រសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែចាប់ពីពេលនេះតទៅ ក្នុងការប្រកួតបាល់ទាត់យុវជន នឹងប្រើប្រាស់កីឡាករក្មេងៗ ដើម្បីត្រួសត្រាយផ្លូវសម្រាប់វគ្គជម្រុះអូឡាំពិក។ ហើយ​នឹង​មិន​ប្រើ​កូតា​កីឡាករអាយុ​លើស​ក្នុងព្រឹត្តិកីឡា​អាស៊ីអាគ្នេយ៍ ព្រឹត្តិការណ៍កីឡាអាស៊ី ដូច​ដែល​បាន​ប្រកាស​កន្លង​មក​នោះ​ទេ”។

ប្រភព៖ siamsport

Share.

Comments are closed.

Exit mobile version