តាំង ប៊ុនឆៃ កើតថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ នៅរាជធានីភ្នំពេញ បានចាប់ផ្តើមលេងបាល់ដំបូងនៅចន្លោះឆ្នាំ២០១៣ ដោយបានចូលហាត់ជាមួយយុវជនថ្នាលរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

តួនាទីជាខ្សែការពារស្លាបស្ដាំ និងកណ្ដាល នៅឆ្នាំ២០១៦ ប៊ុនឆៃ បានធ្វើតេស្តជាប់ និងចូលរួមហ្វឹកហាត់ ស្នាក់នៅមជ្ឈមណ្ឌលសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។ រួមរស់ជាមួយក្រុមសាលាបាល់ទាត់ជាតិបាទី គេក៏បានចូលរួមប្រកួតក្នុងលីគកំពូលកម្ពុជា ផងដែរ នៅគ្រានោះក្នុងរដូវកាល២០២០។

លុះចូលដល់ឆ្នាំ២០២១ រូបគេបានចូលរួមជាមួយក្លិបបាល់ទាត់បឹងកេត ដែលជាក្លិបនៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ (លីគកំពូលកម្ពុជា) រហូតដល់បច្ចុប្បន្ន។

ជម្រើសជាតិ៖

តាំង ប៊ុនឆៃ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ លើកដំបូងនៅឆ្នាំ២០១៧ បន្ទាប់មកជាប់ជម្រើសជាតិកម្ពុជានអាយុក្រោម ១៦ឆ្នាំ នៅឆ្នាំ២០១៨។ ឈុតយុវជនដែលគេខកខានមិនបានជាប់ គឺឈុតអាយុក្រោម ១៨ឆ្នាំ និង១៩ឆ្នាំ។

កីឡាករវ័យ ១៩ឆ្នាំរូបនេះ ចាប់ផ្ដើមបង្ហាញភាពលេចធ្លោក្រោយចូលរួមជាមួយក្លិបបាល់ទាត់អាជីព (បឹងកេត) រហូតក្រោយមកធ្វើឲ្យរូបគេបានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ប្រកួតក្នុងពានរង្វាន់ជើងឯកយុវជនអាស៊ាន (AFF U-23 Championship 2022) កាលពីដើមខែកុម្ភៈ ឆ្នាំ២០២២ នៅកម្ពុជា។

ពេលនោះគេរកគ្រាប់បាល់បាន ១គ្រាប់ផងដែរ ក្នុងចំណោមការប្រកួត ២លើក (ប្រកួតទី៣ ខកខានដោយសារបានឆ្លងជំងឺកូវីដ-១៩)។

លុះចូលដល់ខែឧសភា ក្នុងការចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គេបានបន្តជាប់ឈ្មោះទៀត និងបង្ហាញខ្លួនបាន ៤ប្រកួត។ ថ្មីៗនេះជាប់ជម្រើសជាតិកម្ពុជា ឈុតធំ ក្នុងពេលប្រកួតមិត្តភាពអន្តរជាតិជាមួយទីម័រខាងកើត តែពុំបានបង្ហាញខ្លួន។

ទើបតែការប្រកួតព្រឹត្តិការណ៍ជម្រុះជើងឯកអាស៊ី (AFC Asian Cup) ជុំចុងក្រោយ គេបង្ហាញខ្លួនបាន ១ប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (assist) បាន១លើកផងដែរ៕

Share.

Comments are closed.

Exit mobile version