នាពេល​បច្ចុប្បន្ន​គេ​ឃើញ​មាន​កីឡាការិនី​កម្ពុជា ៣នាក់ ទាំង​កូនកាត់ និង​កូន​ខ្មែរ​សុទ្ធសាធ​ កំពុង​រស់នៅ​ក្រៅប្រទេស​ហើយក៏​កំពុង​លេង​កីឡាបាល់ទាត់ ​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់​មួយ​ដែល​អាច​និយាយបានថា ​មាន​កម្រិត​ប្រកួតប្រជែងរៀងខ្លួនៗ។

  • កីឡាការិនី Sandra Hill

កូនកាត់​ខ្មែរ​-​អូស្ត្រាលី

Sandra Hill កើតប្រទេសកម្ពុជា ដែលមានឪពុកជាជនជាតិអូស្ត្រាលី និងម្តាយជាជនជាតិខ្មែរ ឈ្មោះ ប្រាក់ ចិន្តា អតីតកីឡាករបាល់ទះជម្រើសជាតិនារី និងជាប្អូនស្រីបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា ផងដែរ ជាពិសេសជាក្មួយបង្កើតលោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិនារីផ្ទាល់។

បច្ចុប្បន្នកីឡា​ការិនី Sandra Hill​ កំពុងប្រកបអាជីពនៅក្រុម Grand Canyon សាកលវិទ្យាល័យសហរដ្ឋអាមេរិក​ អស់រយ:ពេល៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៧-២២ ដោយបង្ហាញខ្លួនបាន ៦០ប្រកួត ស៊ុតបញ្ចូលទីបាន១គ្រាប់។

ប្អូនជីដូនមួយរបស់កីឡាករ ប្រាក់ មុន្នីឧត្តម រូបនេះក៏ធ្លាប់ជម្រើសជាតិនារីកម្ពុជា ផងដែរកាលពីអំឡុងឆ្នាំ២០១៨។

  • កីឡាការិនី Selena Chhiv

គឺជា​កូន​ខ្មែរ​សុទ្ធសាធ មានទាំងឪពុក និងម្តាយសញ្ជាតិខ្មែរ ហើយបានទៅរស់នៅប្រទេសកាណាដា កាលពីសម័យសង្គ្រាម ។

កីឡាការិនី Selena Chhiv កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ ៥ឆ្នាំ ប៉ុន្តែចាប់ផ្តើមលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ ១២ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ឆ្នាំចាប់ផ្ដើមលេង​ក្នុង​កម្រិត​ Elite ជាមួយក្រុម Quebec (AAA)។

នៅអាយុ ១៨ឆ្នាំ នាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព (លេងលីគកម្រិតខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យ CS MRO Outremont U21 AAA ដែលជាក្រុមចំនុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។

ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21 AA លុះចូលដល់ឆ្នាំ២០២០ ចាប់ផ្ដើមជាមួយក្រុមពាក់កណ្ដាលអាជីពលើកដំបូង ដោយចូលរួមជាមួយក្លិប CS Fabrose Semi-Pro (PLSQ)។ កាលពីឆ្នាំ២០២១ កន្លងទៅលេងឲ្យ Notre-Dame-De-Grâce U19 AAA និងបច្ចុប្បន្ន២០២២នេះ លេងឲ្យ CS MRO Outremont U21 AAA។

  • កីឡាការិនី ហួត គឹមហុង ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក និង​លេង​ឲ្យ​ក្រុម​សាកលវិទ្យាល័យ​មួយ​ផងដែរ​។​

ហួត គឹមហុង ធ្លាប់ជាអតីតកីឡាការិនីជម្រើសជាតិកម្ពុជា និងជាប្រធានក្រុម កាលពីឆ្នាំ២០១៨ បច្ចុប្បន្ននាងកំពុងសិក្សា និងហ្វឹកហាត់បាល់ទាត់នៅសហរដ្ឋអាមេរិក ជាមួយក្រុម Bryant & Stratton – Syracuse នៃសាកលវិទ្យាល័យ និងទើបតែជួយឲ្យក្រុមលើកពានផងដែរ។

គឹមហុង ត្រូវបានចាត់ទុកថាជាកីឡាការិនីដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្រុមជម្រើសជាតិនារីកម្ពុជា (All time Cambodia Women’s Top Goals Scorer) ពោលគឺរកបាន ៦គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៤ដង។

Share.

Comments are closed.

Exit mobile version