កម្ពុជា នឹងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី១៤ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កំពុងត្រៀមរៀបចំទទួលប្រតិភូចូលរួមប្រមាណ ៤០០នាក់ ក្រោមការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ចាប់តាំងពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាស៊ីហ្គេម នៅសណ្ឋាគារសុខា កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា នៅពេលដែលបញ្ហាសំខាន់ៗទាំងអស់ត្រូវបានដោះស្រាយ ដោយសារការរួបរួមក្នុងតំបន់ និងបំណងប្រាថ្នាគាំទ្រកម្ពុជា ក្នុងពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់ចលនាអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ក្នុងការទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិមកពីពិភពលោក ប្រមាណ ៤០០នាក់។ មហាសន្និបាតនេះនឹងមានប្រតិភូ ជាពិសេសគឺថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធានគណៈកម្មាធិការជាតិអូឡាំពិក ៤៥ប្រទេសក្នុងទ្វីបអាស៊ី ជាមួយគ្នានេះ បណ្តាប្រទេសដែលត្រៀមធ្វើម្ចាស់ផ្ទះបន្តវេន ទាំងកីឡាអូឡាំពិក និងកីឡាអាស៊ី ក៏នឹងចូលរួមធ្វើបទបង្ហាញ ក្នុងមហាសន្និបាតនេះផងដែរ។

ប្រតិបត្តិករកីឡារូបនេះបានលើកបង្ហាញពីគោលបំណងចម្បងនៃការធ្វើម្ចាស់ផ្ទះមហាសន្និបាត ដោយកម្ពុជានឹងទទួលបានផលប្រយោជន៍ជាច្រើនពីសហគមន៍អន្តរជាតិ ការជួយផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានអន្តរជាតិ ដែលនឹងមកប្រមូលផ្តុំគ្នា នៅទីកន្លែងតែមួយនៃរាជធានីភ្នំពេញ ដើម្បីជួយពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោក។ ម្យ៉ាងទៀត នឹងផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នារវាងសហព័ន្ធកីឡាជាតិកម្ពុជានានាជាមួយសហព័ន្ធកីឡាអន្តរជាតិ ចលនាអូឡាំពិកអន្តរជាតិទាំងអស់ ក្នុងគោលបំណងជួយពង្រឹងដល់ការអភិវឌ្ឍវិស័យកីឡាជាតិនៅកម្ពុជាបាន។

ចំណុច១ទៀត គឺនយោបាយការទូតកីឡាកម្ពុជាកាន់តែមានភាពរឹងមាំ ជាពិសេសនឹងជំរុញបន្ថែមដល់ចលនាកីឡាពិភពលោកមើលឃើញពីសក្តានុពលរបស់កម្ពុជាផងដែរ។ ដូច្នេះនេះជាឱកាសដ៏កម្រ ដោយមិនងាយនឹងទទួលបានឱកាសធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី បែបនេះឡើយ។ នេះជាពេលវេលាដ៏ល្អមួយ ដែលសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានមើលឃើញពីសក្តានុពលកម្ពុជា នូវវិស័យកីឡា សេដ្ឋកិច្ច ជាពិសេសគឺកត្តាចម្បងនៃម្លប់សន្តិភាពរបស់កម្ពុជា ដែលកំពុងបោះជំហាននៃការអភិវឌ្ឍលើគ្រប់វិស័យពីមួយដំណាក់កាលទៅមួយដំណាក់កាល ខណៈគោលដៅនៃសុខសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ត្រូវបានអន្តរជាតិបានលើកឡើងផងដែរ។

មហាសន្និបាត OCA នឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីជូនដំណឹងដល់ប្រតិភូទាំងអស់អំពីការប្រកួតកីឡាស៊ីហ្គេម នាខែឧសភាខាងមុខ ហើយស្វែងរកការគាំទ្ររបស់ពួកគេសម្រាប់ការធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យផងដែរ

«កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថាទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាកអន្តរជាតិជាដើម។ ដូច្នេះ នៅក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកកម្ពុជា នាដើមក្រោយនេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅលើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។ នេះការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

អត្ថបទ៖ មន្នីរ័ត្ន

Share.

Comments are closed.

Exit mobile version