កីឡាករយុវជនអាយុក្រោម២០ឆ្នាំ កំពុងតែត្រៀមខ្លួនយ៉ាងសកម្មដើម្បីចូលរួមការប្រកួតវគ្គជម្រុះពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification) នៅខែកញ្ញា ខាងមុខ នាប្រទេសតាជីគីស្ថាន។

លោក ឈូក ពិសិដ្ឋ អ្នកចាត់ការក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចាក់ថា ក្រុមលើកនេះអាចនឹងមានការកោះហៅកីឡាករល្អៗ ដើម្បីពង្រឹងក្រុមបន្ថែម។ នេះបើតាមការបញ្ជាក់របស់លោកទៅកាន់វិបសាយផ្លូវការស៊ីហ្គេម ឆ្នាំ២០២៣ cambodia2023.com ។

«ចង់បញ្ជាក់បន្ថែមមួយទៀតដែរ យើងនឹងមានការប្រកួត U-20 Asian Cup វគ្គជម្រុះ នៅតាជីគីស្ថាន ហើយកីឡាករដែលលេងការប្រកួតហ្នឹងគឺជាកីឡាករដែលកើតឆ្នាំ២០០៣ អ៊ីចឹងកីឡាករសំខាន់មួយចំនួនដែលលើកមុនទៅលេងនៅឥណ្ឌូនេស៊ី អាកខានមិនបានទៅហ្នឹង ប៉ុន្តែលើកនេះយើងនឹងព្យាយាមពង្រឹងសមត្ថភាពពួកគាត់ សម្រាប់ការប្រកួតវគ្គជម្រុះ។» សម្ដីរបស់ លោក ឈូក ពិសិដ្ឋ។

«អ៊ីចឹងកីឡាករសំខាន់មួយចំនួនដែលបាត់មុខកាលទៅលេង U-19 នៅឥណ្ឌូនេស៊ី ដែលយើងធ្វើមិនបានល្អ នឹងអាចភាគរយខ្ពស់ក្នុងការចូលរួមការប្រកួតលើកហ្នឹង ដោយសារតែក្នុងអំឡុងពេលនេះ គឺយើងអត់មានសកម្មភាពការប្រកួតលីគ ឬក៏ហ៊ុនសែនខាប់ ទេ ហើយការប្រកួតគឺលេងមុន FIFA Day មួយសប្ដាហ៍ អ៊ីចឹងទៅចំនុចមួយនេះយើងនឹងអាចមើលឃើញថាកីឡាករដែលរាល់ដងធ្លាប់កោះហៅចូល U-23 ឬក៏ឈុតធំ ប្រហែលជាអាចនឹងត្រូវទៅចូលរួមការប្រកួត U-20 នៅតាជីគីស្ថាន ច្រើនជាង ដោយសារតែជាការប្រកួតផ្លូវការ ហើយយើងពង្រឹងសមត្ថភាពពួកគាត់នៅក្នុងការប្រកួតប្រជែងការប្រកួតបានរង្វាន់វគ្គជម្រុះ ពីព្រោះបើសិនជាយើងឡើងវគ្គនេះ យើងនឹងអាចលេងជុំចុងក្រោយ នៅឆ្នាំក្រោយ សម្រាប់ពានរង្វាន់ U-20 ហ្នឹង។»

«ដូចបានដឹងហើយ យើងធ្លាប់មានបទពិសោធឆ្លងទៅលេងជុំផ្ដាច់ព្រ័ត្រម្ដងហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែពេលនោះមិនអាចប្រកួតបានដោយសារតែកូវីដ-១៩ ហើយពានរង្វាន់ត្រូវបានលុបចោល ប៉ុន្តែលើកនេះយើងចង់ព្យាយាមឲ្យអស់លទ្ធភាព ពង្រឹងសមត្ថភាព និងយកកីឡាករដែលមានល្អបំផុតនៅក្នុងក្រុមចូលរួមការប្រកួតសម្រាប់ការប្រកួត U-20 នៅតាជីគីស្ថាន។»

សូមបញ្ជាក់ថា ពានយុវជនអាស៊ីអាយុក្រោម ២០ឆ្នាំ (AFC U-20 Asian Cup Qualification Round) គ្រោងធ្វើពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅទឹកដីកណ្ដាលប្រទេសតាជីគីស្ថាន។ ក្រុជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ស្ថិតនៅពូល I ជាមួយ តាជីគីស្ថាន, សិង្ហបុរី និងលីបង់។

Share.

Comments are closed.

Exit mobile version