គ្រូបង្វឹកក្រុមបាល់ទាត់ក្នុងសាល ដោនថោនស្ពត ដែលជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ាន ឆ្នាំ២០២២ (AFF Futsal Cup 2022) បានស្នើសុំការលើកទឹកចិត្តពីទស្សនិកជន ទោះបីវិស័យហ្វូតសាលកម្ពុជា នៅមានកម្រិតក៏ដោយ។

មានប្រសាសន៍ដូច្នេះ គឺនៅមុនការចេញទៅប្រកួតពានរង្វាន់ដដែលខាងលើ ដែលនេះជាលើកទី២ សម្រាប់ក្រុម ដ្បិតកាលពីឆ្នាំ២០១៩ ធ្លាប់តំនាងកម្ពុជាម្ដង ហើយទទួលបានលទ្ធផលល្អ ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

«យើងមានតែសុំការលើកទឹកចិត្តទៅដល់ទស្សនិកជន ព្រោះយើងដឹងវិស័យហ្វូតសាលរបស់យើងនៅមានកម្រិត ក៏ប៉ុន្តែយើងម្នាក់ៗសុទ្ធតែបានព្យាយាម ហើយបើគ្មានការលើកទឹកចិត្តបន្ថែមទាំងអស់ហ្នឹងទេ យើងក៏អត់អាចឈរបានដល់កន្លែងហ្នឹងដែរ សង្ឃឹមថាបងប្អូនទស្សនិកជនទាំងអស់ នៅតែចូលរួមលើកទឹកចិត្ត ចូលរួមគាំទ្រ ហើយក្មេងៗដែលកំពុងតែអភិវឌ្ឍន៍ពីឥលូវ ព្យាយាមលេង ព្យាយាមស្រលាញ់ពីឥលូវទៅ ដើម្បីពង្រីកខ្លួនឯង ធ្វើឱ្យខ្លួនឯងអាចជួយប្រទេស រហូតដល់ប្រទេសយើងអាចចូលលើឆាកអន្តរជាតិបាន សម្រាប់វិស័យហ្វូតសាលមួយនេះ។» សម្ដីទាំងស្រុងរបស់ លោក ចេត ច័ន្ទរចនា។

បុរសដែលមានតួនាទីជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ផងដែររូបនេះ បានលើកឡើងទៀតថា៖ «យើងធ្វើបានល្អកាលពីឆ្នាំ២០១៩ ដែលក្រុមដោនថោនយើងបានឡើងរហូតដល់ Top 4 ពេលនោះយើងប្រឹងប្រែងអស់ពីលទ្ធភាពខ្លាំងមែនទែន សម្រាប់ពេលឥលូវនេះ យើងក៏បានត្រៀមខ្លួនថាយើងធ្វើម៉េចយកវាឱ្យបាន ដោយសារការលេងជាមួយនឹងកម្រិតអន្តរជាតិយើដឹងថាល្បឿន កម្លាំង បច្ចេកទេស រាងកាយ វាត្រូវការជាខ្លាំង មួយរយៈនេះគឺអ្វីដែលខ្ញុំហាត់ គឺហាត់រួមបញ្ចូលគ្នាទាំងអស់ ព្រោះយើងក៏សង្ឃឹមថា យើងអាចនាំមុខមាត់មកឆាកអន្តរជាតិ ជាមួយនឹងប្រទេសយើងដែរដូចគ្នា។»

គួររំលឹកថា ដោនថោនស្បត ធ្លាប់តំណាងកម្ពុជា ទៅចូលរួមពានរង្វាន់ដដែលខាងលើកាលពីឆ្នាំ២០១៩ ពេលនោះបញ្ចប់ទៅដោយឈរនៅលេខ៤ ដែលជាកំណត់ត្រាល្អបំផុតមិនធ្លាប់មានសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលកម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់តាំងពីចូលរួមលើកដំបូង នៅឆ្នាំ២០១៨។

កាលពីឆ្នាំ២០១៩ ដោនដោន ស្ថិតនៅពូល B ជាមួយ MIU របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ជាលទ្ធផលប្រកួតដំបូងបានឈ្នះ Melaka United ៥-៤ ប្រកួតទី២ បានចាញ់ MIU ៩-៣ តែក៏នៅបានកៅអីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប PTT Chonburi Bluewave របស់ថៃ ប៉ុន្តែចាញ់ធ្ងន់ដៃ ១៧-០ រួចក៏ត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជួប MIU ជាថ្មី បន្តចាញ់ ៩-៥ បានត្រឹមចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់។

ដោយឡែកឆ្នាំ២០២២ ក្រុមដែលបានប្ដូរឈ្មោះមកពី ឌឺប្លូរវើរីស (The Blue Warriors) មួយនេះស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះថៃ Hongyen Thakam, Bintang Timur Surabaya របស់ឥណ្ឌូនេស៊ី និង MS ABDB របស់ព្រុយណេ។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តនគររាជសីមា ប្រទេសថៃ៕

 

រូបភាព៖ ហ្វេសប៊ុក ដោនថោនស្ពត – Down Town Sport

Share.

Comments are closed.

Exit mobile version