គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែស លោក Javier Cabrera បានលើកឡើងថា «… គោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក»។ និយាយបែបនេះគឺនៅមុនការប្រកួតមិត្តភាពនាពេលខាងមុខជាមួយនឹងជម្រើសជាតិកម្ពុជា និងបន្ទាប់មកជម្រើសជាតិនេប៉ាល់ នៅថ្ងៃទី២២ និង២៧ ខែកញ្ញា។

ការប្រកួតមិត្តភាពនេះក៏នឹងក្លាយជាឱកាសចុងក្រោយសម្រាប់បង់ក្លាដែស ក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួនក្រោមការដឹកនាំរបស់ លោក Cabrera ដោយសារតែបង់ក្លាដែស មិនមានការប្រកួតអន្តរជាតិទៀតទេនៅឆ្នាំនេះ។

មកទល់ពេលនេះ ជម្រើសជាតិបង់ក្លាដែស បានលេងចំនួន ៦ប្រកួតក្នុងឆ្នាំ២០២២ ក្នុងនោះមានការប្រកួតមិត្តភាពអន្តរជាតិ ចំនួន ៣ដង ពានផ្លូវការ (វគ្គជម្រុះជើងឯកអាស៊ី ជុំចុងក្រោយ) ចំនួន ៣ដង និងបានបញ្ចប់ទៅដោយលទ្ធផល ស្មើ២ ចាញ់៤ ចាប់តាំងពីការចូលមកដឹកនាំរបស់ លោក Cabrera ជាមួយក្រុមជម្រើសជាតិ ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

បែបនេះក្ដី លោក Cabrera មានក្តីសង្ឃឹមក្នុងការបញ្ចប់ភាពមិនដែលឈ្នះរបស់ខ្លួន។ «ឱកាសដ៏ធំគឺការឈ្នះការប្រកួត… ហើយគោលដៅរបស់យើងគឺត្រលប់មកផ្ទះវិញជាមួយនឹងជ័យជម្នះទាំង ២លើក។»

បង់ក្លាដែស គ្រោងនឹងហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា មុនការប្រកួតមិត្តភាពអន្តរជាតិជាមួយ កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧យប់៕

 

ប្រភព៖ newagebd.net

Share.

Comments are closed.

Exit mobile version