កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ សាងសង់លើផ្ទៃដីទំហំ ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤ ដែលមានចម្ងាយប្រមាណជាង ៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កីឡដា្ឋននេះបានត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ។ គម្រោងសាងសង់កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់ជា ២ដំណាក់កាល គឺដំណាក់កាលរៀបចំសាងសង់របង និងក្លោងទ្វារធំទាំងពីរនៃកីឡដ្ឋាន និងបន្ទាប់ការសាងសង់សំណង់អគារ ទីលានបាល់ទាត់ ហេដ្ឋារចនាសម្ព័ន្ធនានាទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ស្របពេលជាមួយការសាងសង់សួនកុមារ កន្លែងហាត់ប្រាណសម្រាប់សាធារណជន និងការបំពាក់អំពូលសូឡាក្នុងបរិវេណកីឡដ្ឋាន។

កិច្ចការសាងសង់ហេដ្ឋារចនាក្នុងកីឡដ្ឋានដែលសម្រេចបានរួមមាន៖
១. សាងសង់ក្លោងទ្វារ ចំនួន ២ កន្លែង និងរបងព័ន្ធជុំវិញ ៨០០ម៉ែត្រ
២. សាងសង់កន្លែងសម្រាប់អ្នកទស្សនាចំនួន ៣០០០កៅអី កម្ពស់ ៣ជាន់ ដែលជាន់ផ្ទាលដីចែកចេញជា ២៥បន្ទប់ ជាន់ទី១ (ជាន់ VIP) ចែកជា ៨បន្ទប់ និងជាន់ទី២ ចែកចេញជា ២បន្ទប់ (សម្រាប់អ្នកអធិប្បាយការផ្សាយផ្ទាល់ និងបន្ទប់ការិយាល័យ)
៣. ទីលានបាល់ទាត់ ដែលមានបណ្ដោយ ១១០ម៉ែត្រ និងទទឹង ៧៣ម៉ែត្រ ក្រាលស្មៅសិប្បនិម្មិត និងមានរៀបចំប្រព័ន្ធលូបង្ហូរទឹកព័ទ្ធជុំវិញតារាង
៤. ទីលានរត់ប្រណាំង បានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ ដែលមានទទឹង ៩,៤៧ម៉ែត្រ និងទទឹងពីទីលានរត់មករបងប្រវែង ១០ម៉ែត្រ
៥. បង្គោលភ្លើងបំភ្លឺទីលានបាល់ទាត់ ចំនួន៤ដើម ដែលមានកម្ពស់ ៤០,២០ម៉ែត្រ និងអំពូលភ្លើងចំនួន ៤២គ្រាប់ កម្រិតពន្លឺ ១.២០០lumen និងអំពូលសឡាបំភ្លឺជុំវិញបរិវេណកីឡដ្ឋាន ចំនួន ២០០ដើម
៦. សួនកុមារ និងកន្លែងហាត់ប្រាណសម្រាប់សាធារណជន ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿង
៧. ទីតាំងតម្កល់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ និងរូបសំណាកសម្ដេចសង្ឃរាជ ជួន ណាត
៨. ហេដ្ឋារចនាសម័ន្ធក្រៅរបងកីឡដ្ឋាន រួមមានការរៀបចំតទឹក ភ្លើង និងរៀបចំប្រព័ន្ធលូរំដោះទឹកពីក្នុងកីឡដ្ឋាន ព្រមទាំងចាក់ផ្លូវបេតុង និងដាំដើមឈើលម្អ ទាំងក្នុង និងក្រៅបរិវេណកីឡដ្ឋាន ត្រូវបាន ជួយសម្របសម្រួលដោយរដ្ឋបាលខេត្តកំពង់ស្ពឺ

បញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ដនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សា គណៈអភិបាល មន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អ្នកមុខអ្នកការ សិស្សានុសិស្ស សរុប ២០២៣នាក់។

សមិទ្ធផលកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ក្នុងស្មារតីរួមគ្នាដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តផង ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡា ឱ្យកាន់តែរីកចម្រើនឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ជាមួយការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងបន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺក្នុងការផ្ដល់ជម្រើសទីតាំងដីមួយចំនួនសម្រាប់ការសាងសង់នៅឆ្នាំ ២០១៨។ ក្រុមការងារបានចាប់ផ្ដើមសិក្សាលើគម្រោងទាំងមូល ដោយចាប់ផ្ដើមពីការកំណត់យកទីតាំងសាកសម និងការសិក្សាលើប្លង់ទីលានបាល់ទាត់អាគារកីឡាដ្ឋាន ប្រព័ន្ធទឹក ភ្លើង និងហេដ្ឋារចនាសម្ព័ន្ធជុំវិញជាពិសេសគឺការងារកៀរគរសប្បុរសជនឲ្យមានការចូលរួមឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដើម្បីដំណើរការគម្រោង។

ឯកឧត្តម វ៉ី សំណាង គណៈអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវសេចក្តីស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ រួមទាំងគណអធិបតីអមដំណើរ និងបានធ្វើរបាយការណ៍ពីស្ថានភាពទូទៅក្នុងខេត្ត ជាពិសេសលើវិស័យអប់រំ យុវជន និងកីឡា ដោយលើកយកពីស្ថានភាពនៃការសិក្សារបស់សិស្សានុសិស្ស កំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលជំរុញអោយសិស្សានុសិស្សរៀនសូត្រពីបច្ចេកទេស។

ឯកឧត្តម បានបន្តទៀតថា ការចូលរួមពីកីឡាករ កីឡាការិនីក្នុងខេត្តបានជំរុញដល់ការរីកលូតលាស់នៃវិស័យកីឡានៅខេត្តកំពង់ស្ពឺគួរជាទីកត់សម្គាល់។

មានប្រសាសន៍ក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានសម្តែងនូវសេចក្តីសោមនស្ស ក៏ដូចជាកោតសរសើរអំពីការវិវត្តរីកចម្រើននៃសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តកំពង់ស្ពឺទាំងមូល ក្រោមការខិតខំយ៉ាងយកចិត្តទុកដាក់ពីសំណាក់រដ្ឋបាលកំពង់ស្ពឺ កងសន្តិសុខ ក្នុងការផ្ដល់សុខសន្តិភាពជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ អោយមានឱកាសរស់នៅសុខសប្បាយ ប្រកបដោយសុខុដុមរមនា និងអាចប្រកបមុខរបរចិញ្ចឹមជីវិតបានដោយរលូន។

ក្រៅពីសន្តិសុខសណ្តាប់ធ្នាប់ ឯកឧត្តមក៏សង្កេតឃើញថាមានការរីកចម្រើនគ្រប់វិស័យ ពិសេសទៅលើវិស័យសេដ្ឋកិច្ចផងដែរ។ ការកើនឡើងនៃការវិនិយោគទុននៃកម្ពុជាក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋភិបាល គួបផ្សំនឹងប្រជាជនពោរពេញដោយកម្លាំងពលកម្មគ្រប់គ្រាន់ ស្របនឹងគោលនយោបាយដឹកនាំរបស់រាជរដ្ឋភិបាលលើវិស័យសេដ្ឋកិច្ច បានធ្វើអោយមានការរីកដុះដាលនៃរោងចក្រសហគ្រិន ដែលទាំងអស់នេះជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងគ្រួសាររបស់កម្មករ កម្មការីនីផងដែរ។ បន្ថែមពីនេះឯកឧត្តមបានរំលេចផងដែរថា តាមរយៈការចាក់វ៉ាក់សាំងដែលមានការសម្របសម្រួលពីរាជរដ្ឋភិបាល អាចអោយសេដ្ឋកិច្ចជាតិបើកឡើងវិញសារថ្មី។

កីឡដ្ឋានខេត្តកំពង់ស្ពឺនេះក៏នឹងក្លាយជាទីលានគោលសម្រាប់ក្រុមបាល់ទាត់ណាហ្គាវើលដ៍អ្វេសស៊ី ដោយក្រុមបាល់ទាត់អាជីពនេះ នឹងយកទីលានកីឡដ្ឋានខេត្តកំពង់ស្ពឺសម្រាប់ការហ្វឹកហាត់ និងទទួលជាម្ចាស់ផ្ទះក្នុងជំនួបជាមួយក្រុមបាល់ទាត់នានា។

លើសពីនេះផងដែរ ក្រុមបាល់ទាត់នេះនឹងជួយហ្វឹកហាត់ដល់ថ្នាលកីឡាករ-កីឡាការីនីបាល់ទាត់ខេត្តកំពង់ស្ពឺ ដោយគ្រូបង្វឹកជំនាញ នឹងផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករអាជីពផងដែរ។ កីឡដ្ឋាននេះក៏នឹងក្លាយជាទីតាំងបណ្ដុះបណ្ដាលថ្នាលកីឡាករ កីឡាការីនីក្នុងខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានសក្ដានុពល និងដើម្បីឱ្យប្អូនៗកីឡាករ-កីឡាការីនីក្នុងខេត្តកំពង់ស្ពឺអាចបំពេញក្ដីស្រម៉ៃរបស់ខ្លួន។

 

រូបភាព៖ BTV Cambodia 

Share.

Comments are closed.

Exit mobile version