ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនលើកទី១៦ ឆ្នាំ២០២២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ហើយនាថ្ងៃទី១២ ខែតុលានេះ ដែលថ្ងៃនេះជាថ្ងៃកាត់សេចក្ដី រកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ។

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឆ្នាំ២០២២ នេះ មានក្រុមមកពីលីគទី១ និងលីគទី២ កម្ពុជា ដែលបានកើតឡើងជាលើកទី២ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ (បន្ទាប់ពីព្រៃវែង ធ្លាប់បង្កើតកំណត់ត្រាបានកាលពីឆ្នាំ២០២០) ពោលឆ្នាំនេះមានក្លិប ភ្នំពេញក្រោន, វិសាខា, បឹងកេត (លីគទី១) និងក្លិបអគ្គិសនីកម្ពុជា (លីគទី២)។

ទាំង ៤ក្រុមនេះសុទ្ធតែមានការប៉ុនប៉ងនៅឆ្នាំនេះ គ្រាដែលធ្លាប់បានបង្កើតកំណត់ត្រារៀងៗខ្លួនកាលពីអតីតកាល។ តើការប៉ុនប៉ងរបស់ក្រុមទាំង៤ មានអ្វីខ្លះ?

ភ្នំពេញក្រោន៖

និយាយអំពីភ្នំពេញក្រោន នេះជាការប៉ុនប៉ងលើកទី៤ ជាប់ៗគ្នា ដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានសម្តេចតេជោ ហ៊ុន សែន។ ចាប់ពីឆ្នាំ២០១៩មក ភ្នំពេញក្រោន តែងតែបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែបានអស់ឱកាសត្រឹមវគ្គនេះ បន្ទាប់ពីរងបរាជ័យជាបន្តបន្ទាប់ជាប់ៗគ្នា ពោលគឺ៖

  • ២០១៩ ចាញ់ ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី
  • ២០២០ ចាញ់ ណាហ្គាវើលដ៍ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបាល់ ១១ម៉ែត្រកាត់សេចក្ដី
  • ២០២១ ចាញ់ ព្រះខ័នរាជស្វាយរៀង នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៣-២

ដូច្នេះឆ្នាំនេះគឺជាឆ្នាំដែល ភ្នំពេញក្រោន ចង់លុបបំបាត់ភាពច្រំដែល សម្រាប់ក្លិបដែលចង់ឈ្នះពាននានាក្នុងស្រុកទាំងអស់ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។

មួយទៀត នេះក៏ជាការប៉ុនប៉ងក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងផងដែរ បន្ទាប់ពីខកខានរយៈពេល ១២ឆ្នាំ គិតចាប់តាំងពីបានឡើងវគ្គផ្ដាច់ព្រ័ត្រលើកចុងក្រោយកាលពីឆ្នាំ២០១០។ ពេលនោះភ្នំពេញក្រោន បានត្រឹមរងជើងឯកក្រោយចាញ់ ក្រសួងការពារជាតិ (បច្ចុប្បន្នជា សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ) ៣-២។

ភ្នំពេញក្រោន ក៏ចង់ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាលើកទី៣ ផងដែរ ដ្បិតធ្លាប់ឈ្នះចំនួន ២លើកជាប់ៗគ្នាកាលពីឆ្នាំ២០០៨ និង២០០៩។

វិសាខា៖

ដ្បិតទើបបង្កើតឡើងនៅឆ្នាំ២០១៦ ប៉ុន្តែវិសាខា បច្ចុប្បន្នកំពុងត្រូវបានគេចាត់ទុកថាជាក្រុមមានអទិភាពឈ្នះពានសម្តេចតេជោ ហ៊ុន សែន គ្រប់ពេល ពោលគឺដោយសារតែក្លិបមួយនេះមានកីឡាករខ្មែរល្អៗជាច្រើន ហើយជាពិសេសនោះគឺការឈ្នះពានដដែលនេះ ២ឆ្នាំចុងក្រោយជាប់ៗគ្នា (២០២០, ២០២១)។

ដូច្នេះ សម្រាប់ឆ្នាំ២០២២នេះ ប្រាកដណាស់ វិសាខា ចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកទី៣ ដើម្បីឱ្យគេក្លាយទៅជាក្រុមដំបូងគេក្នុងប្រទេស ដែលឈ្នះពានរង្វាន់នេះ ៣ឆ្នាំជាប់ៗគ្នា ដ្បិតកកន្លងមកមានក្រុមឈ្នះតែ ២ដងជាប់ៗគ្នាប៉ុណ្ណោះ (ភ្នំពេញក្រោន ២០០៨, ២០០៩ និងព្រះខ័នរាជស្វាយរៀង ២០១១, ២០១២)។

បឹងកេត៖

ក្លិបមានមូលដ្ឋានដើមនៅចំការកៅស៊ូបឹងកេត ខេត្តកំពង់ចាម តែបច្ចុប្បន្នបោះទីតាំងនៅបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏មានការប៉ុនប៉ងដូចគ្នា ដើម្បីចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។

លើកចុងក្រោយដែល បឹងកេត ឈ្នះគឺនៅឆ្នាំ២០១៩ ពេលនោះ គេបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយបាល់១១ម៉ែត្រកាត់សេចក្ដី។

អគ្គិសនីកម្ពុជា៖

ចំពោះក្លិបអគ្គិសនីកម្ពុជា វិញក៏ប្រាកដជាមានការប៉ុនប៉ងដ៏ធំផងដែរ នៅក្នុងពានរង្វាន់នេះ ពោលគឺបើទោះបីជាមានភាគរយតិចជាងគេ ប៉ុន្តែការចង់ឈ្នះពានសម្តេចតេជោ ហ៊ុន សែន ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប គឺជាគោលដៅចម្បងមួយសម្រាប់ក្លិបនៅឆ្នាំនេះ ដ្បិតកំពុងធ្វើបានល្អនៅលីគទី២។

អគ្គិសនីកម្ពុជា ធ្វើបានល្អបំផុតក្នុងពាននេះ គឺបានចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំ២០១៧ តាមរយៈការយកឈ្នះបឹងកេត ផ្ទាល់តែម្ដងនៅវគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយបាល់១១ម៉ែត្រកាត់សេចក្ដី។

Share.

Comments are closed.

Exit mobile version